(កៀវ)៖ ប្រទេសអ៊ុយក្រែន​បានអះអាងនៅថ្ងៃសៅរ៍នេះថា ក្រុមសេវាកម្ម​សន្តិសុខរុស្ស៊ី បានចូលរួម​នៅក្នុងការ​វាយប្រហារផ្នែកព័ត៌មានវិទ្យា ទៅលើប្រទេសអ៊ុយក្រែន​កាលពីពេលថ្មីៗ ដោយមានគោលដៅ​បំផ្លាញទិន្នន័យ​សំខាន់ៗ និងបង្កការតក់ស្លុត​នៅក្នុងពិភពលោក។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នាល្ងាច​ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

ក្រុមសេវាកម្មសន្តិសុខ​របស់អ៊ុយក្រែន SBU បាននិយាយថា «ការវាយប្រហារ​គឺចាប់ផ្តើមឡើងដំបូង​នៅអ៊ុយក្រែន ហើយរីករាលដាលពាសពេញ​ពិភពលោក ចាប់តាំងពីថ្ងៃអង្គារ​ដើមសប្តាហ៍នេះ ហើយសម្រាប់ក្រុម​ដែលបាន និងកំពុងប្រព្រឹត្តរឿងនេះ គឺជាបក្ខពួកតែមួយជាមួយនឹង​ក្រុម ដែលបានវាយប្រហារ​ប្រព័ន្ធគ្រប់គ្រង​ថាមពល កាលពីខែធ្នូ ឆ្នាំ២០១៦នៅអ៊ុយក្រែន​នោះឯង»

ទោះបីជាមានការចោទប្រកាន់ចំៗបែបនេះក្តី ក៏មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានអះអាងថា វាគ្រាន់តែជាការ​លើកឡើងដ៏ខ្មៅងងឹត​បំផុត សម្រាប់ពាក្យចោទប្រកាន់​លើទីក្រុងម៉ូស្គូប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមជំនាញកំពូលៗ​ផ្នែកការពារសន្តិសុខ​ព័ត៌មានវិទ្យា កំពុងតែធ្វើការ​ប្រមូលផ្តុំទិន្នន័យ និងភស្តុតាងនានា​ដើម្បីស្វែងរកថា តើនរណាជាអ្នកនៅពីក្រោយ​មេរោគកុំព្យូទ័រ Petya ដែលកំពុង​បង្ករាំងស្ទះ​ដល់មុខជំនួញ, ការដំណើរការទិន្នន័យកុំព្យូទ័រ ហើយអ្វីដែលធ្ងន់ធ្ងរនោះ គឺការរាំងស្ទះដំណើរ​ការបញ្ជូនទំនិញ រហូតដល់បានបង្ខំឲ្យ រោងចក្រសូកូឡានៅអូស្ត្រាលីដែលមានសាខាតចំនួន ៦០ប្រទេសទូទាំងពិភពលោក ត្រូវបិទទ្វារ៕