(គីនហ្សាសា)៖ សាធារណៈរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិកុងហ្គោ បានប្រកាសជាផ្លូវការ​នូវការរលាយសាប​សូន្យទៅវិញនៃវីរុស Ebola ដ៏កាចសាហាវ ដែលធ្លាប់បាន​ផ្តាច់ជីវិតប្រជាជន​ នៃប្រទេសតំបន់អាហ្វ្រិក​ខាងលិចមួយចំនួន បន្ទាប់ពីរយៈពេល៤២ថ្ងៃ​ ដែលក្រុមមន្ត្រីសុខាភិបាល​ប្រទេសនេះ ធ្វើការទប់ស្កាត់យ៉ាង​ទាន់ហេតុការណ៍ និងអ្នកជំងឺ០៤នាក់បានបាត់បង់ជីវិត។ នេះបើតាម​​ការចេញ​ផ្សាយ​ដោយ Channel News Asia នារសៀល​​ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

ការផ្ទុះឡើងវិញ​របស់ Ebola នៅតំបន់អាហ្វ្រិកខាងលិច​នេះ គឺកើតឡើងទៅលើតំបន់ព្រៃនៃភាគឦសានរបស់​កុងហ្គោ ដោយអ្នកជំងឺចំនួន០៨នាក់បានកើតមានជំងឺនេះ ខណៈ០៤នាក់ទៅហើយបានស្លាប់។ ជំងឺ Ebola បានកើតមានឡើងដំបូងកាលពីឆ្នាំ១៩៧៦ ហើយពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ លោក Oly Ilunga ជាអ្នកចេញសេចក្តីថ្លែងការណ៍ អំពីការបង្ក្រាបជំងឺនេះដោយជោគជ័យ ទៅកាន់អន្តរជាតិ។

លោក Oly បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសនៅថ្ងៃនេះ... ទាំងកណ្តាលយប់នេះថា ការកើតមានជំងឺដ៏​កាចសាហាវ និងគួរឲ្យខ្លាចគឺ Ebola នៅកុងហ្គោ​ត្រូវបានបញ្ចប់ហើយ»។ អាជ្ញាធរ​កុងហ្គោ​បានអះអាងថា ដោយសារ​តំបន់រងគ្រោះ​ស្ថិតនៅទីដាច់ស្រយាល​ពីគេ ហើយក្រុមមន្ត្រីសុខាភិបាល​កុងហ្គោ ក៏បានចាត់វិធានការ​ទាន់ពេលវេលាទៀតនោះ ទើបជំងឺនេះបានរលាយសាបសូន្យ​ទៅវិញយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា ថ្វីត្បិតតែកុងហ្គោ​ទើបតែផ្ទុះឡើង​ជាលើកដំបូងនូវវីរុស Ebola ប្រាកដមែន ប៉ុន្តែប្រទេស​នេះក៏ស្ថិត​នៅក្នុងតំបន់អាហ្វ្រិក​ខាងលិចដូចជា ហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូនផងដែរ ដែលប្រទេសទាំងបីនេះ ធ្លាប់ផ្ទុះវីរុស Ebola ដ៏ខ្លាំងក្លាកាលពី​ប៉ុន្មានឆ្នាំមុន ដែលបានសម្លាប់​មនុស្ស ១១,៣០០នាក់ និងបង្កការរគោះ​រង្គើរពាសពេញ​ពិភពលោក៕