(អាមេរិក)៖ គិតមកទល់ពាក់​កណ្តាលឆ្នាំ​២០១៧នេះ យាន​អវកាស Cassini របស់​អង្គការ NASA បានធ្វើដំណើរជុំវិញ​ភពសៅរ៍ (Saturn) បាន​រយៈពេល​១៣ហើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ វែបសាយវិទ្យាសាស្រ្ត Space.com នៅរសៀល​ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

យានអវកាស Cassini បានធ្វើដំណើរ​ទៅដល់គន្លង​តារាវិថី ក្បែរភពដែល​មានចិញ្ចៀនហ៊ុមព័ទ្ធជុំវិញនេះ កាលពីវេលាយប់​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៤ បន្ទាប់ពីបាន​ចំណាយពេលហោះហើរ​ផ្សងព្រេង ឆ្លងកាត់លំហអាកាស​ដ៏ធំល្វឹងល្វើយ​អស់រយៈពេលជិត០៧ឆ្នាំ។ ការធ្វើដំណើរ​​ជា​ប្រវត្តិសាស្រ្ត ដែលបានចាប់​ផ្តើមជាមួយការបាញ់​បង្ហោះគ្រាប់រ៉ុក្កែត Titan IVB កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៧ មានចម្ងាយសរុប ៣.៥ពាន់​លានគីឡូម៉ែត្រ បើតាមការបញ្ជាក់ពី​មន្រ្តីនៃទីភ្នាក់ងារ​អវកាសអាមេរិក NASA។

រយៈពេល០៦ខែ​ក្រោយការទៅដល់​ប្រព័ន្ធនៃភពសៅរ៍ យានចុះចត Huygens បានផ្តាច់ខ្លួនចេញពី​យានអវកាស Cassini ហើយឆ្ពោះ​ទៅកាន់​ Titan ដែលជាព្រះច័ន្ទដ៏ធំជាងគេបង្អស់របស់ Saturn និងលំដាប់ទីពីរ ក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីព្រះច័ន្ទ Ganymede របស់ភពព្រហស្បតិ៍។ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៥ យាន Huygen ក៏បានធ្វើការចុះចតដោយ​ជោគជ័យ​នៅ​ព្រះច័ន្ទ Titan ហើយបានបញ្ជូន​រូបភាពនៃ​ផ្ទៃរបស់វា ត្រឡប់មកកាន់ផែនដីវិញ​ តាមរយៈយាន Cassini ដែលជា​ផ្កាយរណប។

ស្របពេលជា​មួយគ្នា Cassini បានបន្តសិក្សាស្រាវជ្រាវ​ទៅលើភពសៅរ៍ រួមជាមួយចិញ្ជៀន​ (ខ្សែក្រវ៉ាត់ដុំថ្ម) ដ៏អាថ៌កំបាំង និងព្រះច័ន្ទជាច្រើនរបស់វា ហើយបាន​បង្កើតរបកគំហើញ​ដ៏គួរឲ្យរំភើបជា​បន្តបន្ទាប់មក។ តួយ៉ាង Cassina បានរកឃើញបឹង និងសមុទ្រដែលពោរពេញ​ទៅដោយសារធាតុ​រាវអ៊ីដ្រូ​កា​បូន នៅលើផ្ទៃ​ព្រះច័ន្ទ Titan និងទឹកផុសនៅ​លើព្រះច័ន្ទ Enceladus របស់ Saturn ដែលគ្របដណ្តប់​ទៅដោយ​ផ្ទាំងទឹកក។ ការអង្កេតឃ្លាំ​មើល​របស់​យានផ្កាយរណប Cassini បានអនុញ្ញាត​ឲ្យក្រុមអ្នកស្រាវជ្រាវ ធ្វើការកំណត់ថា កំសួលទឹកផុសទាំងនោះ គឺមានប្រភព​មកពីមហាសមុទ្រ​ដ៏ធំមួយ​ ដែលស្ថិតក្រោម​ផ្ទៃរបស់ Enceladus និងប្រហែលជា​អាចទ្រទ្រង់ជីវិត​ក្នុងទម្រង់ណាមួយ​បាន។

ដោយឡែកបើ​តាមអ្នកវិទ្យសាស្រ្ត​ ព្រះច័ន្ទ Titan ក៏អាចឲ្យ​ជីវិត​​រស់នៅបាន​ផងដែរ ក៏ប៉ុន្តែប្រព័ន្ធ​អាកាសធាតុ​ដែលពោរពេញ​ដោយ​អ៊ី​ដ្រូ​កាបូន ​របស់​ព្រះ​ច័ន្ទ​យក្សនេះ​ទំនងជាស្មានបានថា​ បើសិនជាមានជីវិតក្នុង​​ទម្រង់ណាមួយនៅទីនោះមែននោះ ពួកវានឹងខុសស្រឡះពីជីវិតដែល​មាន​នៅ​លើ​ភព​ផែន​ដីជាក់ជាពុំខានឡើយ។

គួរបញ្ជាក់ថា Cassini នាពេលនេះ កំពុងឈានជីវិត​ដល់ទីបញ្ចប់នៃ​ដំណើរផ្សងព្រេង ដ៏យូរអង្វែង​របស់វាហើយ ដោយកាលពីខែមេសា Cassini ជាលើកដំបូង​បានធ្វើការហោះ​ឆ្វែល​ ទៅកាន់តំបន់​នៅចន្លោះភពសៅរ៍ និងចិញ្ចៀនរបស់វា ដើម្បីសិក្សា​លម្អិតពីទីនោះ ហើយ​វា​ត្រូវ​ធ្វើ​​បែប​នេះ​ជា​រៀង​រាល់សប្តាហ៍​រហូតដល់ចំនួន​២២លើក នៅមុនពេលបេសកកម្ម​ចុងក្រោយរបស់វា​ត្រូវបិទបញ្ចប់នៅថ្ងៃ​ទី១៥​ កញ្ញា ដោយការទម្លាក់​ខ្លួនកម្ទេច​ចោល​​​របស់ Cassini ចូលទៅក្នុងបរិយាកាស​ដ៏ក្រាស់ឃ្មឹក​របស់ភពសៅរ៍ ក្នុងគោលបំណង​បញ្ចៀសមិនឲ្យយាន​ផ្កាយរណបនេះ បំពុលព្រះច័ន្ទ Titan ឬ Enceladus ជាមួយមីក្រូប​មកពីផែនដី។ បេសកកម្ម Cassini-Huygens ដែលមាន​តម្លៃ ៣.២ពាន់លានដុល្លារនេះ គឺជាកិច្ចប្រឹងប្រែង​រួម​មួយ​ មានការចូលរួម​សហការពីអង្គការ NASA ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA និងទីភ្នាក់ងារអវកាស​អ៊ីតាលី៕