(ហុងកុង)៖ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង នាថ្ងៃសៅរ៍នេះ​បានព្រមានធ្ងន់ថា ទីក្រុងហុងកុងមានអាចថ្លោះធ្លោយ ឲ្យមានការបែកបាក់កើត​​មានឡើង​ ដោយសារតែ​ទង្វើធ្វេសប្រហែស ឬក៏បញ្ហាជម្លោះផ្ទៃក្នុង​ណាមួយជាដាច់ខាត នៅចំពោះមុខ​ភាពប្រកួតប្រជែង​ក្នុងសកល​លោក​​ដ៏​តាន​តឹង​ ដូច​ពេល​បច្ចុប្បន្ននេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

លោក ស៊ី ជិនពីង បានទទួលស្គាល់​ថា ហុងកុងគឺជាសង្គម​បែបពហុវចនៈ ដែលមាន​ចក្ខុវិស័យផ្សេងគ្នា​ និងសូម្បីតែ​ភាពខុសគ្នា​​យ៉ាង​ផ្ទុយ​ស្រឡះ​​ ជុំវិញ​បញ្ហា​​​ជាក់លាក់​មួយចំនួន ក៏ប៉ុន្តែការធ្វើឲ្យអ្វីៗ​ទៅជារឿង​នយោបាយ ឬការបង្កភាព​ខ្វែងគំនិតគ្នា ក៏ដូចជា​ការញុះញង់​ឲ្យមានការ​ប្រឈមមុខ​ដាក់គ្នា​ដោយចេតនានោះ នឹងមិនអាច​ដោះស្រាយ​បញ្ហាបាននោះ​ឡើយ ហើយផ្ទុយ​ទៅវិញកត្តា​ទាំងនោះ មិនអាចជួយអ្វី​បានក្រៅ​ពី​បង្ក​ការរារាំង​យ៉ាងខ្លាំងដល់ ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមរបស់​ទីក្រុងហុងកុង​តែប៉ុណ្ណោះ។

លោកប្រធានាធិបតីចិន​បានបន្ថែមថា «ហុងកុងគឺ​ជាទីក្រុងដ៏​សម្បូរបែបមួយ តែព្រមពេល​ជាមួយគ្នា វាក៏កំពុងប្រឈមមុខ​ជាមួយ​បញ្ហាយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ ដែលបង្កឡើង​ដោយការផ្លាស់​ប្តូរដ៏ឆាប់​រហ័សភ្លាមៗ នៅក្នុងបរិស្ថាន​សេដ្ឋកិច្ចសកល និងការ​កើនឡើង​នៃភាព​​ប្រកួតប្រជែង​អន្តរជាតិ​យ៉ាងស្វិតស្វាញ»

គួរបញ្ជាក់ថា លោក ស៊ី ជិនពីង បានថ្លែង​ក្រើនរំលឹកបែបនេះ នៅអំឡុងពេល​ចូលរួមជាកិត្តិយស​នៅក្នុងពិធីអបអរសាទរ​ ទិវាគម្រប់ខួប២០ឆ្នាំនៃ​វិល​ត្រឡប់របស់ទីក្រុងហុងកុង​មកកាន់ចិនដី​គោកវិញ និងពិធីស្បថ​ឡើងកាន់តំណែង​របស់មេដឹកនាំថ្មី​នៃតំបន់រដ្ឋបាលពិសេស​ហុងកុង (HKSAR)៕