(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​កូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានថ្លែងឲ្យដឹងថា លោកនិង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯក​គ្នា​លើវិធីសាស្រ្តបង្កើតដំណាក់​កាលដ៏ទូលំទូលាយមួយ ដើម្បីលុបបំបាត់​អាវុធប្រល័យ​លោក​របស់កូរ៉េខាងជើង ដែលនឹងអនុញ្ញាត​ឲ្យមានការ​ចរចាបាន​ឆាប់រហ័ស ជា​មួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការ​ចេញផ្សាយដោយ​​ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងឱកាសនៃ​ការធ្វើសន្និសីទ​សារព័ត៌មានរួមគ្នា នៅក្រោយ​ជំនួបកំពូលរវាង​មេដឹកនាំប្រទេសទាំងពីរ​ នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់​សាជាថ្មី​ម្តងទៀត​ថា ភាពអត់ធ្មត់​ជាយុទ្ធសាស្រ្ត​របស់សហរដ្ឋអាមេរិក​ បានដល់ទីបញ្ចប់ហើយ ជាមួយរបបដឹកនាំ​ដ៏ធ្វេស​ប្រហែស​ និងសាហាវឃោឃៅ​មួយនេះ ហើយ​លោក ត្រាំ បានព្រមានធ្ងន់ៗ​ថា នឹងចាត់វិធានការ​ឆ្លើយតបដ៏​សាកសមមួយ ទៅលើ​ការគំរាម​កំហែង​នុយក្លេអ៊ែរ-មីស៊ីល​របស់កូរ៉េខាងជើង។

ជាមួយគ្នានោះ​លោក មូន ជែអ៊ីន ក៏បាន​លើកឡើងដែរថា «បញ្ហាដ៏សំខាន់​ដែលកំពុង​ប្រឈមជាមួយ​ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​​នោះ គឺការគំរាមកំហែងនៃអាវុធប្រល័យលោក​ របស់របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ ប្រធានាធិបតី ដូណាល់ ត្រាំ និងរូបខ្ញុំ បានព្រមព្រៀង​គ្នា​ក្នុង​ការ​សហការយ៉ាង​ជិតស្និទ្ធ ដើម្បីធ្វើការ​សម្របសម្រួល​វិធានការពាក់ព័ន្ធ​នានារបស់ពួកយើង ស្របពេលដែល​កំពុងកំណត់​អាទិភាព​ ទៅលើ​ដំណោះស្រាយ​នៃបញ្ហានុយក្លេអ៊ែរ​កូរ៉េខាងជើង»

មេដឹកនាំថ្មីកូរ៉េខាងត្បូង​រូបនេះបាន​បន្តថា «ដើម្បីសម្រេច​គោលដៅនេះ ពួកយើងដែលជា​​ប្រមុខរដ្ឋនៃប្រទេស​ទាំងពីរ​បាន​មូល​មតិ​គ្នា​​លើ​ភាព​ចាំ​បាច់ ដើម្បីដោះស្រាយ​បញ្ហាដ៏សំខាន់នេះ ដោយផ្អែកលើវិធីសាស្រ្ត​បែបដំណាក់កាល​​ដ៏ទូលំទូលាយមួយ តាមរយៈ​ការ​ប្រើ​​ប្រាស់​​ទណ្ឌ​កម្មផ្សេង​ៗ រួមទាំងកិច្ចចរចា​ជាដើម»។ ជាចុងក្រោយ​លោកប្រធានាធិបតី​កូរ៉េខាងត្បូង ក៏បានថ្លែងអំណរ​គុណចំពោះ​សមភាគីរបស់​លោក សម្រាប់ការ​ប្តេជ្ញាយ៉ាង​មុតមាំ​ក្នុងការដោះស្រាយ​បញ្ហាអាវុធ​នុយក្លេអ៊ែរ របស់ប្រទេស​កូរ៉េខាងជើង និងក្នុងការបង្កើត​សន្តិភាពយូរអង្វែង​នៅតំបន់​ឧបទ្វីប​កូរ៉េ។

គួរបញ្ជាក់ថា លោក មូន ជែអ៊ីន ក៏បាន​ឆ្លៀត​ឱកាសធ្វើការអញ្ជើញ​លោក ដូណាល់ ត្រាំ ឲ្យទៅបំពេញ​ទស្សនកិច្ចនៅ​កូរ៉េខាងត្បូង​ក្នុងឆ្នាំ២០១៧ នេះផង​ដែរ ហើយលោកប្រធានាធិបតី​អាមេរិក​ក៏បានយល់ព្រម​ចំពោះការអញ្ជើញនេះ។ ម៉្យាងវិញទៀត​មេដឹកនាំ​នៃប្រទេសទាំងពីរ ត្រូវបាន​គ្រោងថា នឹងជួបគ្នាជាលើកទីពីរ នៅក្នុងអំឡុង​ជំនួបក្រៅផ្លូវការ​នៃកិច្ចប្រជុំកំពូលG20 ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃទី០៧ ខែកក្កដា ពោលគឺ​ចុង​សប្តាហ៍​ក្រោយនេះ នៅទីក្រុង Hamburg នៃប្រទេស​អាល្លឺម៉ង់ ដើម្បីចូលរួម​កិច្ចពិភាក្សាត្រីភាគីមួយ ដែលនឹងមាន​ការចូលរួមពីសំណាក់​នាយករដ្ឋមន្រ្តី​ជប៉ុនលោក ស៊ីនហ្សូ អាបេ៕