(អាល្លឺម៉ង់)៖ បាតុកម្មចំនួន ៣០ដង ត្រូវបានប៉ូលិសអាល្លឺម៉ង់​អះអាងថា គ្រោងនឹងកើតឡើង​នៅចំពោះ​មុខ​កិច្ចប្រជុំ G20 ចាប់ពីថ្ងៃទី១-៩ ខែកក្កដានេះ ខណៈមានការ​បង្ហោះឃ្លាថា «ស្វាគមន៍មកកាន់ឋាននរក» ដែលនឹងអាច​ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ពីសំណាក់ក្រុមភេរវករ ហើយកងកម្លាំងប៉ូលិសអាល្លឺម៉ងក៏កំពុងតែបើក​ប្រតិបត្តិការ​ដ៏ធំបំផុត​នៅក្នុងទីក្រុង Hamburg ដើម្បីធានាសុវត្ថិភាពដល់​​កិច្ចប្រជុំនៅទីនោះ​ផងដែរ។ នេះបើតាមការ​ចេញ​ផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

ប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងទៀតថា ក្រុមប្រឆាំងដែល​ជាចលនារ៉ាឌីកាល់​ឆ្វេងនិយម​បានប្តេជ្ញាថា ពួកគេនឹងធ្វើការ​ប្រឆាំងដោយ​ប្រើប្រាស់គ្រប់​វិធីទាំងអស់ ចំពោះកិច្ចប្រជុំ​បណ្តាប្រទេស​សេដ្ឋកិច្ច G20។ ក្រុមអ្នកតវ៉ា​​ដែលគ្រោង​ធ្វើឡើងចំនួន​៣០ដង នៅទីក្រុង Hamburg ដោយក្រុមអ្នក​បំផុសបំផុលក្នុងរឿងនេះ​បានអះអាងថា មនុស្សម្នា​យ៉ាងហោច​ណាស់ក៏ជាង ១០០,០០០នាក់ដែរ នឹងត្រូវចូលរួម​ក្នុងសកម្មភាព​តវ៉ាតាមដងផ្លូវ ខណៈប៉ូលិសអាល្លឺម៉ង់​បានអះអាងថា ក្រុមអ្នកតវ៉ាទំនង​ជាមានគ្នាត្រឹមតែ ៨,០០០នាក់ប៉ុណ្ណោះ ដោយពួកគេ​មានគោលដៅរារាំង​ដល់​កិច្ចប្រជុំកំពូល G20 តែម្តង។

គួរបញ្ជាក់ថា ដោយសារតែស្ថានការណ៍តានតឹងខ្លាំង និងដើម្បីសន្តិសុខដល់ថ្នាក់ដឹកនាំកំពូលៗ​អន្តរជាតិ ដែលនឹង​មកចូលរួម​នៅក្នុងកិច្ចប្រជុំ G20 នេះ អាល្លឺម៉ង់បាន​ធ្វើការដាក់ពង្រាយ​កងកម្លាំងប៉ូលិសជាង ២០,០០០នាក់ ទៅកាន់ទីក្រុង Hamburg ជាមួយនឹង​ឧទ្ធម្ភាគចក្រ ២៨គ្រឿង, សុនខប៉ូលិស ១៨៥ក្បាល, រថយន្តបាញ់ទឹក ៤០គ្រឿង និងរថយន្តប៉ូលិស ៣,០០០គ្រឿង។ អ្វីដែលជារឿង​គួរឲ្យព្រួយបារម្ភ​បំផុតនោះ គឺការបង្ហោះពាក្យ​ស្លោករបស់ក្រុមអ្នកតវ៉ាថា «ស្វាគមន៍មកកាន់ឋាននរក» នេះតែម្តង៕