(ញូយ៉ក)៖ អតីតបុគ្គលិក​នៃមន្ទីរពេទ្យ​មួយកន្លែងនៅឯ​ទីក្រុងញូយ៉ក ប្រដាប់ដោយកាំភ្លើង​វែងមួយដើម បានបើកការបាញ់​ប្រហារនៅក្នុង​អគារ​មន្ទីរពេទ្យយ៉ាងកម្រោល ដែលបានបណ្តាល​ឲ្យគ្រូពេទ្យម្នាក់បាត់បង់ជីវិត និងមនុស្ស០៦នាក់ផ្សេងទៀត​បានទទួលរងរបួស នៅមុនពេល​​សម្រេចចិត្តបាញ់សម្លាប់​ខ្លួនតាមក្រោយ។ នេះបើតាមការឲ្យ​ដឹងពីប៉ូលិសអាមេរិក ដកស្រង់សម្តីដោយ​សារព័ត៌មាន Al Jazeera នៅព្រឹក​ថ្ងៃ​​សៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មានដដែល ហេតុការណ៍ផ្ទុះអាវុធខាងលើបានកើត​មានឡើង កាលពីវេលា​ម៉ោង ២៖៥០នាទី រសៀល​ថ្ងៃសុក្រ​សប្តាហ៍នេះ នៅក្នុង​មន្ទីរពេទ្យ Bronx Lebanon ដែលស្ថិត​ក្នុងសង្កាត់ Bronx នៃទីក្រុងញូយ៉ក​របស់​សហរដ្ឋអាមេរិក។ ខ្មាន់កាំភ្លើង​ដែលត្រូវបាន​គេ​កំណត់​កំណត់អត្ត​សញ្ញាណថា​ ឈ្មោះ Henry Bello ស្ថិតក្នុងសម្លៀក​បំពាក់គ្រូពេទ្យ​ពណ៌ស និងប្រដាប់ដោយ​អាវុធវែងមួយដើម បាន​ធ្វើ​សកម្ម​ភាព​នៅលើជាន់ទី​១៦ និងទី១៧នៃមន្ទីរពេទ្យ​កើតហេតុ។

យ៉ាងណាមិញ ប៉ូលិស​ដែលបានឡោមព័ទ្ធជុំវិញ​អគារមន្ទីរពេទ្យនោះ បានរកឃើញជនដៃ​ដល់ដាច់ខ្យល់ស្លាប់ ដោយសារស្នាមរបួស​នៃគ្រាប់​កាំភ្លើង ដែលត្រូវបានបាញ់ទៅលើខ្លួនឯង។ ជាមួយគ្នានេះ​អភិបាលក្រុង​ញូយ៉កលោក Bill de Blasio ពុំបាន​ចាត់​ទុក​​ករណី​បាញ់​ប្រហារនេះ​​ ជា​អំពើភេរវកម្មនោះឡើយ ខណៈមូលហេតុ​នៅពីក្រោយ​រឿងហេតុនេះ ក៏ពុំទាន់ត្រូវបាន​ដឹងច្បាស់នោះ​ដែរ៕