(ហុងកុង)៖ ទីបំផុតលោកស្រី Carrie Lam ត្រូវបានលោក ស៊ី ជិនពីង ប្រកាសទទួលស្គាល់ជាផ្លូវការហើយ នៅក្នុងពិធីស្បថឡើងកាន់តំណែងជាអភិបាលថ្មី នៃតំបន់រដ្ឋបាលពិសេសហុងកុង សម្រាប់អាណត្តទី០៥ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ជំនួសឲ្យលោក Leung Chun-ying ជាអភិបាលមុនដែលផុតអាណត្តិ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។

សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង នៅឯតំបន់កំពង់ផែនិមិត្តរូប នៃទីក្រុងហុង មានតាំងរូបសំណាកផ្កាពណ៌មាស​ដ៏ធំ (នៅលើទង់ជាតិទីក្រុងហុងកុង) ដែលត្រូវបានបង្កើតឡើង​កាល​ពី​ពីរទសវត្សរ៍មុន ដើម្បីអបអរសាទរ​ដល់ការបានត្រឡប់មកវិញ​ នូវទីក្រុងហុងកុង​ពីអាណានិគមអង់គ្លេស ដោយសារតែ​មានបាតុករវ័យ​ក្មេងជាច្រើននាក់ បានធ្វើការតវ៉ា​ប្រឆាំងដំណើរទស្សនកិច្ច​របស់លោក ស៊ី ជិនពីង ដែលបានអូសបន្លាយតាំងពីមុនថ្ងៃ លោកមកដល់ទីក្រុងហុងកុង​នេះ កាលពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ។

គួរបញ្ជាក់ថា ថ្លែងក្នុងឱកាសមកដល់ទីក្រុងហុងកុងភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការ​ប្តេជ្ញាថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងជួយគាំទ្រជានិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលើកស្ទួយសុខុមាលភាពនៃប្រជាជនទាំងអស់ របស់ទីក្រុងភាគនិរតីមួយនេះផងដែរ។

លោក ស៊ី ជិនពីង បានមកដល់ទីក្រុងហុងកុងនាពេលនេះ ដើម្បីចូលរួមក្នុង​ពិធី​រំលឹកខួបទី២០ឆ្នាំគត់ ដែលតំបន់រដ្ឋបាលពិសេសលំដាប់កំពូលរបស់ចិនមួយនេះ ត្រូវបានអាណានិគមអង់គ្លេស ព្រមដកចេញ និងប្រគល់ឲ្យទីក្រុងប៉េកាំងគ្រប់គ្រងជាផ្លូវការ កាលពីឆ្នាំ១៩៩៧។

លោក ស៊ី ជិនពីង ដែលមានតួនាទី​ជាអគ្គលេខាធិការ នៃគណកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន (CPC) និងជាប្រធាននៃគណកម្មការយោធាមជ្ឈិមផងដែរនោះ នឹងស្ថិតនៅទីក្រុងភាគអាគ្នេយ៍ប្រទេសចិនមួយនេះ រហូតដល់ថ្ងៃសៅរ៍ ដើម្បីអបអរទិវាខួបទី​២០ឆ្នាំ និងចូលរួមធ្វើជាប្រធានកិត្តិយស នៃពិធីឡើងកាន់តំណែងរបស់ ប្រធានប្រតិបត្តិថ្មីនៃទីក្រុងហុងកុង (អភិបាលក្រុង) លោកស្រី Charrie Lam និងគណៈរដ្ឋមន្ត្រីរបស់​លោកស្រីផងដែរ។

គួរបញ្ជាក់ថា ទីក្រុងហុងកុង​​ជាតំបន់ដែលមាន​សេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុត​ប្រចាំតំបន់​អាស៊ី និងប្រទេសចិន ហើយដែល​ទីក្រុងនេះក៏តែងតែរីករាយ​នឹងសិទ្ធិស្វ័យភាព បន្ទាប់ពីចិន និងអង់គ្លេស​បានចុះហត្ថលេខាដោះដូរ​ ទីក្រុងភាគអាគ្នេយ៍ប្រទេសចិននេះមកវិញ​កាលពី​ឆ្នាំ១៩៩៧ផងដែរ បន្ទាប់ពីការដាក់អាណនិគម​នៅអំឡុងទសវត្សរ៍ឆ្នាំ១៨៤០៕