(ឡុងដ៍)៖ ប្រធានក្រុមប្រឹក្សានៃសង្កាត់ Kensington និង Chelsea របស់ទីក្រុងឡុងដ៍​ លោក Nick Paget-Brown បាន​សម្រេច​លា​លែង​ពី​តំណែង​ ក្រោយពីមានការរិះគន់ជាបន្តបន្ទាប់ ចំពោះការដោះស្រាយបញ្ហារបស់ក្រុមប្រឹក្សានេះ ជុំវិញ​សោកនាដ​កម្ម​ឆេះ​អគារ​ខុន​ដូ​កម្ពស់​២៤​ជាន់​ Grenfell Tower នៅក្នុងរាជធានីនៃចក្រភពអង់គ្លេស កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ការសម្រេចចិត្តធ្វើបែបនេះរបស់លោក Paget-Brown ត្រូវបានធ្វើឡើងបន្ទាប់ពី រូបលោកបានប្រឈមមុខជាមួយការទាមទារឲ្យចុះចេញពីតួនាទី ពីសំណាក់អភិបាលទីក្រុងឡុងដ៍លោក Sadiq Khan រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនផ្សេងទៀត នៅចំពោះមុខការរិះគន់ ជុំវិញចំណាត់ការ​ឆ្លើយតបរបស់អាជ្ញាធរក្នុងតបន់ ចំពោះសោកនាដកម្មឆេះអគារខុនដូខាងលើ និងជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការព្យា​យាម​​រា​រាំង​​ក្រុមអ្នកសារព័ត៌មាន រួមទាំងមជ្ឈដ្ឋានសាធារណៈ មិនឲ្យចូលរួមពាក់ព័ន្ធក្នុងកិច្ចប្រជុំលើកទីមួយរបស់ក្រុមប្រឹក្សា បន្ទាប់ពីសោកនាដកម្ម​ដ៏​អាក្រក់នេះ​បានកើតឡើង។ លោក Paget-Brown បានធ្វើការសូមទោសជាសាធារណៈ ចំពោះបណ្តាជនរងគ្រោះទាំងអស់នៃអគារ Grenfell Tower និងបាន​ប្រកាសថាលោក​នឹងលាឈប់ពីតំណែងភ្លាមៗ នៅ​​ពេល​​ដែល​​មេ​​ដឹក​​នាំ​ថ្មី​​ត្រូវ​​បាន​ជ្រើសរើស។

គួររំលឹកថា អគារខុនដូ Grenfell Tower ស្ថិតនៅក្នុងសង្កាត់ Kensington ភាគខាងលិច​​ទីក្រុងឡុងដ៍ បានទទួលរងការឆាបឆេះ ចាប់​តាំង​ពី​​ជាន់​ទី​ពីរ ​រហូត​ដល់​ជាន់​លើ​​បំផុត ហើយ​ក្រុម​ពន្លត់​​អគ្គី​ភ័យ​ដល់​ទៅ​​ជាង២០០នាក់ បាន​​ចូលរួមក្នុងប្រតិបត្តិការពន្លត់​គ្រោះអគ្គីភ័យដ៏ធំ​សម្បើម​នេះ។ ម៉្យាងវិញទៀតមនុស្សរាប់រយនាក់រួមមានទាំងកុមារ និងជនចាស់ជរា ​ត្រូវគេជឿជាក់ថា បានស្ថិតក្នុងលំនៅ​ឋាន​ប្រមាណជា១២០ខ្នង ដែលនៅ​ក្នុងអគារ​កម្ពស់ ​​​២៤​ជាន់​នោះ​នៅពេលដែលអគ្គីភ័យ​បានកើត​ឡើង។ ខណៈមកទល់ពេលនេះមនុស្សជិត១០០នាក់ ត្រូវបានអាជ្ញាធរ​ជឿជាក់ថា​ បានស្លាប់ដោយសារតែជាប់នៅក្នុងអគារ រីឯមូលហេតុនៃគ្រោះអគ្គីភ័យនេះវិញ ត្រូវបានប៉ូលិសអះអាងថាមកពីបញ្ហានៃប្រព័ន្ធទូរ​ទឹកកក៕