(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍សមាភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នា​ឱកាស​ដែល​លោក​បំពេញ ដំណើរទស្សនកិច្ចមកកាន់សេតវិមាន ជាទីដែលអ្នកទំាងពីរបានជួប​ពិភាក្សា​មួយ​ទល់​នឹង​មួយ​ជា​លើក​ដំបូង​​លើ​​ប្រធាន​បទ​ជា​ច្រើន ជាពិសេសទាក់ទិននឹងសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន Sputnik នៅថ្ងៃយប់សុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅលើ Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ចប់ទៅយ៉ាងរលូន ហើយពួកយើងបានពិភាក្សាលើប្រធានបទជាច្រើន រួមមានទំាងកូរ៉េខាងជើងនិ ងទំនាក់ទំនងពាណិជ្ចកម្ម ... មហិច្ឆតានុយក្លេអ៊ែររបស់​ទីក្រុង​ព្យុង​យ៉ាង គឺជាក្ដីព្រួយបារម្ភដ៏ធំសម្រាប់សម្ព័ន្ធមិត្តទាំងពីរ»

ដោយឡែកជុំវិញ ជំនួបនេះដែរ ទីប្រឹក្សារបស់លោក មូន ជែអ៊ីន គឺលោក យុន យង់ចាង (Yoon Young-chan) ក៏បានអះអាងដែរថា លោកត្រាំ និងលោកមូន បានឯកភាពគ្នាលើការដោះស្រាយបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង ព្រមទំាងកសាងសន្តិភាពនៅលើឧទ្វីបកូរ៉េ និងធានាឱ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទំាងពីរ ឈរលើមូលដ្ឋាននៃទំនាក់​ទំនង​សម្ព័ន្ធ​មិត្ត​ដ៏​រ៉ឹងមាំ កូរ៉េខាងត្បូង-​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើគេនិយាយពីទំនាក់ទំនងពាណិជ្ជកម្ម លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់យ៉ាងខ្លំាងលើកិច្ចព្រមព្រៀង​ពាណិជម្ម​សេរី​កាល​ពី​ឆ្នាំ​២០១២ ជាមួយកូរ៉េខាងត្បូង ដោយ លោកបានហៅជាកិច្ចព្រមព្រៀងដ៏អាក្រក់និងមិនអាចទទួលយកបាន។ ក៏ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅ ក្រុមមន្ត្រីពាណិជ្ជកម្មអាមេរិក បានជំរុញកុំឱ្យលោកត្រាំ បោះបង់កិច្ចព្រមព្រៀងនេះ ចោលត្បិតវាបានជួយ​សម្រួល​ដល់​លក្ខខណ្ឌ​នាំ​ចេញ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​កូរ៉េខាងត្បូង៕