(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ​បានជំរុញឱ្យ​សហរដ្ឋអាមេរិក លុបចោលផែនការ​លក់សព្វាវុធ​ទៅឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ១.២៤ពាន់លានដុល្លារ ត្បិតសម្រាប់ចិន កោះតៃវ៉ាន់គឺជា​ផ្នែកមួយនៃទឹកដី​របស់ខ្លួនប៉ុណ្ណោះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង ដកស្រង់ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ប្រចាំខែ លោក លូ កាង បានគូស​បញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក គួរតែបញ្ឈប់​ទំនាក់ទំនង​យោធាជាមួយ​កោះតៃវ៉ាន់ ដើម្បីបញ្ជៀស​កុំឱ្យមាន​ការបំផ្លាញដល់​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាងប្រទេស​ទាំងពីរ»។ គំរោងលក់​​សព្វាវុធ ទៅឲ្យ​​កោះតៃវ៉ាន់នេះ ​ដែលសហរដ្ឋអាមេរិក​ផ្តល់ការអនុញ្ញាត​នោះរួមមាន មីស៊ីលទំនើបៗ និងអាវុធ​ការពារ​ដែន​អាកាស​ជាច្រើនគ្រាប់ ទើបជាហេតុ​បាន​បណ្តាល​ឲ្យចិនខឹង​​​សម្បារ​​ក្នុង​ចិត្ត​ជា​​ខ្លាំង និងធ្វើការថ្កោលទោសអាមេរិក។

ចំណែកឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក លោក Cui Tiankai ក៏បានលើក​ឡើងដែរថា «ទង្វើ​ទាំងអស់​នេះរួមមាន​ការដាក់​ទណ្ឌកម្ម​​ទៅលើ​​ក្រុម​ហ៊ុនចិន និង​ជាពិសេស​​ទៅ​ទៀតនោះ​ គឺការលក់អាវុធ​​ដែលមាន​តម្លៃដល់​ទៅ ១.៤២ពាន់លានដុល្លារ ​ទៅឲ្យតៃវ៉ាន់នេះ​តែម្តងនឹងជះផល​ប៉ះ​ពាល់​​​​អវិជ្ជ​មាន​​ប្រាកដ​​ណាស់ ទៅលើភាព​ជឿទុកចិត្តគ្នា​​​ទៅវិញទៅ​មក​ រវាងចិន-អាមេរិក និងផ្ទុយស្រទ្បះ​​​ពីឆន្ទៈនៃជំនួប​​​ទល់មុខគ្នា​​ដ៏វិជ្ជមានរវាងលោកលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅឯរមណីយដ្ឋាន Mar-a-Lago នៃរដ្ឋផ្លូវរីដាកាលពីខែមេសាកន្លងទៅ»

គួរបញ្ជាក់ថា បើតាមក្រសួង​ការពារជាតិអាមេរិក អាវុធត្រូវលក់ឱ្យតៃវ៉ាន់​ នោះមានដូចជា មីស៊ីល​បាញ់ចេញពី​ផ្ទៃអាកាស​ទៅផ្ទៃដី AGM-88B HARM ចំនួន៥០គ្រាប់, AGM-88B Training HARM ចំនួន១០គ្រាប់ ក៏ដូចជា​មីស៊ីល​ការពារ​ដែនអាកាស Standard Missile-2 (SM-2) Block IIIA AUR ចំនួន​១៦គ្រាប់, Mk 93 MOD 1 SM-2 Block IIIA GS ចំនួន​៤៧គ្រាប់, MK 45 MOD 14 SM-2 Block IIIA TDD ចំនួន​​០៥​គ្រាប់ រួមទាំង​គ្រាប់បែប​ប្រឆាំងនាវា​ទម្ងន់ធ្ងន់ MK 48 Mod 6AT Heavweight Torpedo (HWT) ចំនួន​៤៦គ្រាប់​ផងដែរ។

ដោយឡែក​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងថា «រដ្ឋាភិបាល​បានផ្តល់ដំណឹង​ជូនសភា​ជា​ផ្លូវការហើយ អំពើសំណើ​ចំនួន០៧​ស្តីពីការលក់សព្វាវុធ​ទៅឲ្យកោះតៃវ៉ាន់ ហើយនាពេលនេះ​វាមានតម្លៃសរុបប្រមាណ ១.៤២ពាន់លានដុល្លារ​»។ យ៉ាងណាមិញ​អ្នកនាំពាក្យរូបនេះ បានគូស​បញ្ជាក់ថា គោលជំហរ​របស់សហរដ្ឋអាមេរិក​ ក្នុងការគោរព​តាមគោលនយោបាយ​ចិនតែមួយ​នោះគឺពុំមាន​ការផ្លាស់ប្តូរ​នោះឡើយ៕