​(កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី Marise Payne នៅថ្ងៃសុក្រនេះ បានទាត់​ចោលការ​ផ្ដល់​យោបល់ដោយអតីតនាយករដ្ឋមន្ត្រីអូស្រ្ដាលី លោក Tony Abott ដែលថា អូស្ត្រាលី​បានប្រព្រឹត្ត​កំហុស​ដោយមិនបានទិញ​នាវាមុជទឹកបំពាក់​អាវុធនុយក្លេអ៊ែរ ដោយលោកស្រី​ថែមទាំងនិយាយ​ទៀតថា ការទិញនាវាមុជទឹកប្រភេទនេះ អាចនឹងនាំឱ្យដែនអធិបតេយ្យអូស្រ្ដាលីជួបហានិភ័យ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣០​​ ខែមិថុនា ឆ្នាំ២០១៧។

កាលពីឆ្នាំ២០១៦ អតីតរដ្ឋាភិបាល​អូស្រ្ដាលី​ក្រោមការដឹកនាំរបស់ លោក Tony Abott បានប្រកាស​ចំណាយលុយ​ជាង ៣៨.៥ពាន់លានដុល្លារ ដើម្បីចុះកិច្ច​ព្រមព្រៀងជា​មួយក្រុមហ៊ុន​ផលិត​នាវាបារាំង DCNS ក្នុងការសាងសង់​នាវាមុជទឹក Shortfin Barracuda មានសមត្ថភាព​បំពាក់អាវុធនុយក្លេអ៊ែរ​ចំនួន​ ១២គ្រឿង។ ដោយឡែកថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ វិទ្យុ ABC រដ្ឋមន្ត្រីការពារជាតិ​អូស្ត្រាលី លោកស្រី Marise Payne បានបង្ហាញ​ពីការជំទាស់​ទៅនឹងគំរោងនេះ។

លោកស្រី Payne បានបញ្ជាក់យ៉ាងដូច្នេះថា «​ការទិញនាវាមុជទឹកនុយក្លេអ៊ែរ នៅពេលនេះ អាចនឹងបង្ក​ជាហានិភ័យដល់​ដែនអធិបតេយ្យភាព​អូស្ត្រាលី... ហើយការសម្រេចចិត្ត​របស់យើង គឺយើងបានរៀន​សូត្រពីបទពិសោធន៍​ នៃការអភិវឌ្ឍនាវាមុជទឹកCollins... ណាមួយអ្វីដែល​យើងចង់ធ្វើ នោះគឺត្រូវធានា​ឱ្យបានថា យើងអាចការពារ​ដែនអធិបតេយ្យភាព នៃសមត្ថភាព​យុទ្ធសាស្ត្រយោធា​ដ៏អស្ចារ្យ។ ក៏ប៉ុន្តែការជួល ឬក៏ការធ្វើ​ពាណិជ្ជកម្ម​ជាមួយអង្គភាព​ដទៃ វាអាចនឹងធ្វើឱ្យ​ប៉ះពាល់ ឬលុបចោល​សមត្ថភាព ​ការពារអធិបតេយ្យភាព​របស់យើង»

គួរបញ្ជាក់ថា បើតាម​លោកស្រី Marise Payne ក្នុងពេល​បច្ចុប្បន្ន អូស្រា្ដលី​គ្មានហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់តម្រូវតាម​ការសាងសង់​នាវាមុជទឹក​នុយក្លេអ៊ែរនៅ​ឡើយទេ ដូច្នេះអូស្រ្ដាលី ត្រូវការរយៈពេល​ជាច្រើនឆ្នាំទៅ​មុខទៀត ដើម្បីអនុវត្តន៍គំរោងនេះ៕