(វ៉ាស៊ីនតោន)៖ កិច្ចព្រមព្រៀងលក់​សព្វាវុធទៅឲ្យ​កោះតៃវ៉ាន់ តម្លៃ១.៤២ពាន់លានដុល្លារ ដែលត្រូវបាន​សហរដ្ឋអាមេរិក​ផ្តល់ការអនុញ្ញាតនោះ រួមមានមីស៊ីល​ទំនើបៗ និងអាវុធ​ការពារដែន​អាកាស​ជាច្រើនគ្រាប់ ទើបជាហេតុ​បានបណ្តាល​ឲ្យចិនខឹង​​សម្បារ​​ក្នុង​ចិត្ត​ជា​​ខ្លាំងបែបនេះ។ នេះ​បើ​តាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួង​ការពារជាតិអាមេរិក អាវុធទាំងអស់​នោះមានដូចជា មីស៊ីល​បាញ់ចេញពី​ផ្ទៃអាកាស​ទៅផ្ទៃដី AGM-88B HARM ចំនួន៥០គ្រាប់, AGM-88B Training HARM ចំនួន១០គ្រាប់ ក៏ដូចជា​មីស៊ីល​ការពារ​ដែនអាកាស Standard Missile-2 (SM-2) Block IIIA AUR ចំនួន​១៦គ្រាប់,  Mk 93 MOD 1 SM-2 Block IIIA GS ចំនួន​៤៧គ្រាប់, MK 45 MOD 14 SM-2 Block IIIA TDD ចំនួន​​០៥​គ្រាប់ រួមទាំង​គ្រាប់បែប​ប្រឆាំងនាវា​ទម្ងន់ធ្ងន់ MK 48 Mod 6AT Heavweight Torpedo (HWT) ចំនួន​៤៦គ្រាប់​ផងដែរ។

ជុំវិញរឿងនេះ​ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​អាមេរិក លោក Cui Tiankai បានលើកឡើងថា «ទង្វើ​ទាំងអស់​នេះ រួមមាន​ការដាក់​ទណ្ឌកម្ម​ទៅលើ​​ក្រុម​ហ៊ុនចិន និង​ជាពិសេស​​ទៅទៀតនោះ​ គឺការលក់អាវុធ​ដែលមាន​តម្លៃដល់ទៅ ១.៤២ពាន់លានដុល្លារ ​ទៅឲ្យតៃវ៉ាន់នេះតែម្តង នឹងជះផលប៉ះ​ពាល់​​​​អវិជ្ជ​មាន​ប្រាកដ​​ណាស់ ទៅលើភាព​ជឿទុកចិត្តគ្នា​​ទៅវិញទៅ​មក​រវាងចិន-អាមេរិក និងផ្ទុយស្រទ្បះ​​ពីឆន្ទៈនៃជំនួប​​ទល់មុខគ្នា​​ដ៏វិជ្ជមាន រវាងលោកលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅឯរមណីយដ្ឋាន Mar-a-Lago នៃរដ្ឋផ្លូវរីដាកាលពីខែមេសាកន្លងទៅ»

ដោយឡែក​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងថា «រដ្ឋាភិបាល​បានផ្តល់ដំណឹង​ជូនសភា​ជា​ផ្លូវការហើយ អំពើសំណើ​ចំនួន០៧​ស្តីពីការលក់សព្វាវុធ​ទៅឲ្យកោះតៃវ៉ាន់ ហើយនាពេលនេះ​វាមានតម្លៃសរុបប្រមាណ ១.៤២ពាន់លានដុល្លារ​»។ យ៉ាងណាមិញ​អ្នកនាំពាក្យរូបនេះ បានគូស​បញ្ជាក់ថា គោលជំហរ​របស់សហរដ្ឋអាមេរិក​ ក្នុងការគោរព​តាមគោលនយោបាយ​ចិនតែមួយ​នោះគឺពុំមាន​ការផ្លាស់ប្តូរ​នោះឡើយ៕