(តេហេរ៉ង់)៖​ បន្ទាប់ពីរុស្ស៊ី និងស៊ីរី​ឥឡូវដល់វេនអ៊ីរ៉ង់​វិញម្ដង បានចេញ​មុខអះអាង​យ៉ាងប្រាកដប្រជាថា មេដឹកនាំកំពូល​ក្រុម ISIS លោក អាប៊ូបាគើ អាល់បាកដាឌី (Abu Bakr al-Bagdhadi) ពិតជាបាន​ស្លាប់បាត់បង់​ជីវិតហើយ នៅក្នុងការ​វាយប្រហារ​តាមផ្លូវអាកាស​របស់ កងកម្លាំង​ទ័ព​អាកាស​រុស្ស៊ី ប៉ុន្តែបណ្តា​ប្រទេស​លោក​ខាងលិច ជាពិសេសអាមេរិកនៅតែអះអាងថា វាមិនមែនជាការពិត។ នេះបើតាមសម្តី​អ្នកតំណាង​ជាន់ខ្ពស់​មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក Ali Shirazi ដកស្រង់​​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

លោក Ali Shirazi នៅក្នុងបទសម្ភាសន៍​ជាមួយ​ ទីភ្នាក់សារព័ត៌មានអ៊ីរ៉ង់ Asr-e Iran បានបញ្ជាក់​យ៉ាងខ្លី​ដូច្នេះថា «​វាគ្មានអ្វីត្រូវសង្ស័យទៀតនោះទេ លោក បាកដាឌី ពិតជាត្រូវបានសម្លាប់ បា្រកដមែន»។ បន្ថែមពីលើនេះ​សូម្បីតែសារព័ត៌មាន​អ៊ីរ៉ង់ Irib ក៏បានបង្ហោះ​រូបថតសព​របស់មេដឹកនាំ ISIS រូបនេះដែរ ក៏ប៉ុន្តែខាង​អ្នកសារព័ត៌មាន Sputnik បានអះអាង​ថា រូបថតនេះ​គ្រាន់តែជា​រូបថតក្លែងក្លាយ​ប៉ុណ្ណោះ ដោយ​បុរសដែលស្លាប់​មានមុខមាត់ និងរូបរាងដូច លោក អាល់បាដាឌី  ត្រូវបានថតតំាង​ពីឆ្នាំ២០១៥មកម្ល៉េះ។ ជាងនេះទៅទៀត បើទោះជាទីក្រុងម៉ូស្គូ និងរដ្ឋាភិបាល​ស៊ីរី បានបញ្ជាក់ជាច្រើនដង​ពីមរណៈភាព​របស់ លោក បាកដាឌី ក៏ដោយ​តែសហរដ្ឋអាមេរិក និងក្រុមចំរុះ​អន្តរជាតិ មិនទាន់ទទួលស្គាល់​ព័ត៌មាននេះ​នៅឡើយទេ រីឯក្រុម ISIS ខ្លួនឯងក៏មិន ទាន់ផ្ដល់សញ្ញាចម្លែកអ្វីដែរ។

គួរបញ្ជាក់ថា បើតាមក្រសួង​ការពារជាតិរុស្ស៊ី លោក អាប៊ូបាគើ អាល់បាកដាឌី ត្រូវបានសម្លាប់​នៅក្នុងការ​វាយប្រហារ​ផ្លូវអាកាស​មួយ នៅទីក្រុង Raqqa កាលពីចុង​ខែឧសភា​កន្លងទៅ ហើយ នេះមិនមែន​ជាលើកទីមួយ​ឡើយ ដែលគេនាំគ្នា​និយាយពី​ការស្លាប់​របស់ លោក បាកដាឌី។ ប៉ុន្តែយ៉ាងណា នៅពេលនេះ​អ្វីដែលគេ​អាចបញ្ជាក់បាន នោះគឺថា​ក្រុម ISIS ​បានស្រុតចុះ​ឥទ្ធិពល​យ៉ាងខ្លាំង​នៅអ៊ីរ៉ាក់ និងស៊ីរី ខណៈក្រុមអ្នកជំនាញមួយ​ចំនួនយល់ថា បើ ISIS ដួលរលំមែន អ្នកព្រួយបារម្ភ​ជាងគេ គឺបណ្ដាប្រទេស​នៅអឺរ៉ុប ពីព្រោះ​ក្រុមអ្នក​ប្រយុទ្ធ ISIS អាចនឹង​ត្រូវបែកខា្ចត់ខ្ចាយ ហើយអ្នកខ្លះ​នឹងត្រឡប់​ទៅអឺរ៉ុបវិញ ដើម្បីអនុវត្តន៍​សកម្មភាព ឬរៀបចំផែនការ​វាយប្រហារ​ភេរវកម្មជា​ការសងសឹក៕