(អាមេរិក)៖ ស្របពេលដែលអង្គការ NASA កំពុងគ្រោង​បញ្ជូនមនុស្ស​លោក​ទៅកាន់ភពព្រះអង្គារ (Mars) នៅពេលអនាគត​នោះ ចន្លោះ​ប្រហោង​​ផ្នែក​បច្ចេកទេស​ដ៏សំខាន់មួយ ដែលទីភ្នាក់ងារ​អវកាសអាមេរិកមួយនេះ កំពុងព្យាយាម​បំពេញនោះ គឺមធ្យោបាយ​នៃការផ្តល់ ក៏ដូចជា​ផ្គត់ផ្គង់ថាមពល នៅលើផ្ទៃ​របស់ភពក្រហមនេះ សម្រាប់ផលិត​ឥន្ទនៈ ទីជម្រក និងគ្រឿងបរិក្ខា​ដទៃផ្សេងទៀត។ ជម្រើស​មួយនៅក្នុង​​វិធីសាស្រ្ត​ទាំងនោះគឺ ការកសាងរ៉េអាក់​ទ័រនុយក្លេអ៊ែរ​ធុនតូចៗល្មម ដែលដំណើរការ​ដោយការបំបែក​អាតូម នៃសាធារតុអ៊ុយរ៉ានីញ៉ូម ដើម្បី​បង្កើតកម្តៅ ហើយកម្តៅទាំងនោះត្រូវ​បំលែងទៅជា​ថាមពលអគ្គិសនី​ ជាបន្តបន្ទាប់ទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី វែបសាយ​វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

នាយកដ្ឋានអភិវឌ្ឍន៍​បច្ចេកវិទ្យា​របស់​ ទីភ្នាក់ងារអវកាស NASA បាននិង​កំពុងធ្វើការ​ឧបត្ថម្ភ ដល់​គម្រោងមួយ​មានឈ្មោះថា Kilopower សម្រាប់​រយៈ​ពេលបីឆ្នាំ​មកហើយ ជាមួយគោលដៅ​នៃការធ្វើបទបង្ហាញ​អំពីប្រព័ន្ធនេះ នៅឯមជ្ឈមណ្ឌល​សន្តិសុខជាតិ​ណេវ៉ដា ដែលស្ថិត​ក្បែរទីក្រុង Las Vegas ហើយ​ការ​សាកល្បងត្រូវ​គេបានគ្រោង នឹងប្រព្រឹត្ត​ចាប់ផ្តើមទៅក្នុង​ខែកញ្ញាខាងមុខនេះ ហើយបិទបញ្ចប់​នៅខែមករា ឆ្នាំ២០១៨។ មកទល់​ពេលនេះ ថវិកាប្រមាណជា​១៥លានដុល្លារ​ត្រូវបានចំណាយ​ទៅលើគម្រោងមួយនេះ។

យោងតាមមន្រ្តី​របស់ NASA ការធ្វើតេស្ត​ទាំងប៉ុន្មានក្នុង​ខែកញ្ញាខាងមុខនេះ ត្រូវបានរចនាឡើង ដើម្បីផ្ទៀងផ្ទាត់​ និងពិនិត្យឡើងវិញ​ទៅលើ​ការ​រចនា និងសមត្ថភាពដំណើរការ​របស់ Kilopower។ ជំហានបន្ទាប់ អង្គការ NASA នឹងរួចរាល់​ក្នុងការបន្តអភិវឌ្ឍន៍​ ប្រព័ន្ធ​ផ្គត់​ផ្គង់​​​ថាម​​​ពល​នុយ​ក្លេ​អ៊ែរ​​ ដែល​គួរ​ឲ្យទុកចិត្តជាមុនមួយ សម្រាប់ការ​ធ្វើតេស្តនៅលើ​ភពអង្គារផ្ទាល់ និងកន្លែងផ្សេងៗ​ទៀត។

រ៉េអាក់ទ័រសម្រាប់ការ​ធ្វើសាកល្បង​ក្នុងពេលប៉ុន្មានខែ​ខាងមុខនោះ ដែលមាន​កម្ពស់១.៩ម៉ែត្រ ត្រូវបានរចនា​ឡើងដើម្បីផលិត​ថាមពលអគ្គីសនី​ ឲ្យមានរហូតដល់មួយ​គីឡូវ៉ាត់​ក្នុងមួយគ្រឿង ខណៈក្រុមវិស្វករ​ជំនាញរបស់ NASA បានបញ្ជាក់ថា ដំណើរផ្សងព្រេង​លើកដំបូង​របស់មនុស្ស​​នៅ​ភពអង្គារ នឹងទាមទារឲ្យ​មានប្រព័ន្ធមួយ ដែលមាន​សមត្ថភាពផ្គត់ផ្គង់​ថាមពលអគ្គិសនី ឲ្យបានប្រហែល​៤០គីឡូវ៉ាត់។

បើតាមអង្គការ NASA ជម្រើសមួយ​ទៀតនោះគឺការប្រើប្រាស់​ថាមពលសូឡា (ព្រះអាទិត្យ) ក៏ប៉ុន្តែប្រការនេះ​នឹងដាក់កំហិត​ទៅលើការបង្កើត​​ថាមពលអគ្គិសនី នៅតាមតំបន់ទាំងឡាយ ដែលមិនបាន​ទទួលពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ហើយទីកន្លែង​ដែលមានពន្លឺថ្ងៃ​ខ្លាំងជាងគេ នៅ​លើ​ភពអង្គារ ទទួលបានបរិមាណ​នៃពន្លឺព្រះអាទិត្យ​ក្នុងកម្រិតត្រឹមតែមួយភាគបី​ប៉ុណ្ណោះ បើធៀបនឹង​ភពផែនដី។ ហេតុដូច្នេះ​ហើយការប្រើប្រាស់​​ថាមពលនុយក្លេអ៊ែរ គឺជាមធ្យោបាយ​យុទ្ធសាស្រ្ត​ដ៏សំខាន់បំផុត ដោយពួកវាអាច​បន្តដំណើរការ​ជាធម្មតា ទោះបីស្ថិតនៅ​ក្នុងលក្ខណៈអាកាស​ធាតុ​ មិនអំណោយផលយ៉ាងក្តី ដូចជាព្យុះធូលី​ដ៏ខ្លាំងក្លារបស់ភពក្រហម​នេះជាដើម៕