(ម៉ាឌ្រីត)៖ សីតុណ្ហភាពនៅតាម​បណ្តាយឆ្នេរសមុទ្រជុំវិញ ប្រទេសអេស៉្បាញ​បានឡើងកើនខ្ពស់ហួសពីធម្មតា នៅក្នុងខែមិថុនានេះ ដែលរហូត​ដល់​​បាន​បង្កឲ្យមានភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅមួយថែមទៀតផង ក៏ប៉ុន្តែ​​គ្រោះ​មហន្ត​​រាយ​​ធម្មជាតិ​​​នេះ​ ពុំ​បាន​បណ្តាល​​​ឲ្យមនុស្សណាម្នាក់ ​ទទួល​រង​គ្រោះ​​នោះ​ឡើយ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ដោយសារសីតុណ្ហភាព​បានឡើងក្តៅខ្លាំង គ្រោះមហន្តរាយ​ភ្លើងឆេះព្រៃ​មួយ ក៏បានកើតមានឡើង​ក្នុងសប្តាហ៍នេះ តែជាសំណាងល្អ​ក្រុមភ្នាក់​ងារ​ពន្លត់​អគ្គីភ័យ​អេស៉្បាញ នៅទីបំផុត​ក៏អាចពន្លត់​អគ្គីភ័យនេះ ដែលបាន​គំរាមកំហែង​ដល់ឧទ្យានជាតិ​មួយ​ មានឈ្មោះថា Donna National Park ដែលត្រូវបាន​ចាត់ចូល​ទៅក្នុងបញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​ របស់អង្គការ UNESCO កាលពី​ឆ្នាំ១៩៩៤ ឲ្យរលត់ទៅវិញ​បាន​ជោគជ័យ និង​ពុំមានមនុស្ស​ណាម្នាក់រង​គ្រោះនោះឡើយ។ ក៏ប៉ុន្តែមនុស្ស​ប្រមាណ ២,០០០ពាក់ ត្រូវបានជម្លៀសខ្លួន​ជាបណ្តោះអាសន្ន​សិន​ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនេះ​បានកើតឡើង​ក្នុងចន្លោះពេល​ត្រឹមតែមួយ​សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីហេតុការណ៍​ដូចគ្នា បានផ្តាច់យកអាយុជីវិត​​មនុស្សចំនួន ៦៤នាក់ នៅក្នុងប្រទេស​ព័រទុយហ្គាល់ ដែលជាអ្នក​ជិតខាង ហើយដូចទៅនឹង​អេស្ប៉ាញដែរនោះ គឺកំពុងតែទទួល​រងគ្រោះចំពោះការខ្សត់​ភ្លៀងធ្លាក់ និងការកើនឡើងសីតុណ្ហភាព​ឥតឈប់ឈរ៕