(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានតទល់តាមផ្លូវច្បាប់ អស់រយៈពេល០៥ខែមកនេះ នៅទីបំផុត​បទបញ្ជា​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ដីពីការហាមឃាត់​បណ្ដោះអាសន្នការធ្វើ ដំណើររបស់ជនភៀសខ្លួន និងប្រជាជនមកពីប្រទេស​អ្នកកាន់សាសនា​អ៊ីស្លាមទាំង០៦ ចូលជាន់ដីអាមេរិក បានចូលជាធរមានហើយ នៅយប់ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) អនុឡោមតាម​សេចក្ដីសម្រេច​ពីតុលាការ​កំពូល ដែលនឹង​ពិនិត្យជាលើកចុង​ក្រោយ​ លើបទបញ្ជាដ៏ចម្រូងចម្រាស​នេះ​នៅខែតុលា​ខាងមុខ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន Washintong Post នៅព្រឹកថ្ងៃសុក្រ ទី៣០​ ខែមិថុនា ឆ្នាំ២០១៧។​

បើតាមរដ្ឋបាល លោក ដូណាល់ ត្រាំ វិធានការ​ហាមឃាត់នេះ គឺមានភាពចាំបាច់​ក្នុងការទប់ស្កាត់​ក៏ដូចជារារាំង​ក្រុមភេរវករ ចូលក្នុង​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស បានហៅ​បទបញ្ជានេះ​ថា មានការរើសអើង​ដោយមានគោលដៅ​លើប្រជាជន​មូស្លីម។ ដូច្នេះ​ចាប់ពីពេលនេះតទៅ ផ្អែកលើ​ការចូលជាធរមាន​នេះ ប្រជាជនមូស្លីម​មកពីប្រទេស​ចំនួន០៦មាន​ដូចជា អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី និងយ៉េមែន នឹងត្រូវបានហាមមិន​ឱ្យចូលជាន់ដី​អាមេរិក​ សម្រាប់រយៈពេល​៩០ថ្ងៃ និង១២០ថ្ងៃ សម្រាប់​ជនភៀស​ខ្លួននានា។

ទោះបីយ៉ាងណាក៏ដោយ​កាលពី​ថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេស​អាមេរិក​ក៏បានបញ្ជាក់​ដែរថា ការស្នើ​សុំទិដ្ឋាការ របស់ប្រជាជន​មកពីប្រទេស​ជាប់បម្រាម​ទំាង០៦នេះ អាចនឹងត្រូវ​ផ្ដល់ឱ្យបុគ្គលទំាងឡាយ​ណា ដែលមាន​ទំនាក់ទំនង​ល្អជា​មួយបុគ្គល ឬក៏ស្ថាប័ន​នៃរដ្ឋាភិបាល​អាមេរិក។ ពោលគឺ​និយាយ​ឱ្យចំ បើចង់ធ្វើដំណើរ​មកកាន់​សហរដ្ឋអាមេរិក លុះត្រាតែ ពួកគេមាន​សាច់ញាតិ​ស្និទ្ធស្នាល​នៅទីនោះ ហើយសាច់ញាតិ​នេះ​ទៀតសោត ទាល់តែ​ជាឪពុកម្ដាយ ប្ដី ឬប្រពន្ធ​កូន កូនប្រសារ ប្រុសស្រី ឬក៏កូនមាន​ម្ដាយឪពុកទី​ទៃជាដើម ចំណែកឯសាច់ញាតិដូចជា ជីតា ជីដូន ឬក៏គូដណ្ដឹង​មិនត្រូវបានរាប់​បញ្ចូល​ឡើយ៕