(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការធានាអះអាងដល់​កងទ័ពរបស់លោក​កាលពីពេលថ្មីៗ​នេះថា លោកនឹង​ការ​ពារពួកគេពីការចោទប្រកាន់​ផ្លូវច្បាប់ទាំងអស់ ប្រសិនបើពួកគេ​ជ្រុលដៃសម្លាប់​អាយុជីវិត ពលរដ្ឋស៊ីវិលស្លូតត្រង់​ដោយអចេតនា ស្រប​ពេល​​កំពុង​ប្រយុទ្ធ​តតាំងជាមួយ​ក្រុមឧទ្ទាម​បណ្តាញ ISIS ដែលបានចូល​ដណ្តើមកាន់កាប់​ទីក្រុង Marawi ភាគខាងត្បូង​ប្រទេសកាល​ពី​ជាង​មួយ​ខែ​មុន។​ នេះបើតាមការដកស្រង់​ការផ្សាយ ចេញពីសារព័ត៌មានថៃ​បាងកកប៉ុស្តិ៍ នៅព្រឹក​ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

លោក ឌូតឺតេ បានថ្លែងថា «កងកម្លាំងយោធា​មិនប៉ុនប៉ងសម្លាប់ជនស៊ីវិលនោះឡើយ ប៉ុន្តែពួកគេក៏​ពុំគួរមានភាព​ស្ទាក់ស្ទើរ​ ក្នុងការវាយ​ប្រហារ​​​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ ដោយសារតែ​មានវត្តមានរបស់​ប្រជាពលរដ្ឋ​ស្លូតត្រង់នោះដែរ។ វាគឺជាកាតព្វកិច្ច​របស់ជនស៊ីវិល​ទាំងនោះ​ទៅវិញទេ ដែលត្រូវរត់ភៀស​ខ្លួនពីកន្លែងប៉ះទង្គិចគ្នា ឬស្វែងរកកន្លែង​ជ្រកការពារខ្លួន​ ដើម្បីសុវត្ថិភាពខ្លួនឯងផ្ទាល់»។ លោក​ប្រធានាធិបតី​ហ្វីលីពីន បានផ្តល់ទំនុកដល់កងទ័ព​ទាំងអស់ ដែលកំពុងបន្តប្រយុទ្ធប្រឆាំង​ជាមួយក្រុមសកម្មថា រូបលោកនឹង​ធ្វើយ៉ាងណា​ការពារពួកគេ មិនឲ្យ​មានទោស​ទណ្ឌជាដាច់ខាត ដោយសារតែការធ្វើឲ្យបាត់បង់ជិវិត​ប្រជាជន​ដោយអចេតនា។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីយោធាហ្វីលីពីន ចាប់តាំងតែ​លោក ឌូតឺតេ បានបញ្ជាឲ្យ​អនុវត្តន៍ច្បាប់​អាជ្ញាសឹកនៅទូទាំង​កោះ Mindanao និងបង្គាប់ឲ្យ​កងទ័ពធ្វើប្រតិបត្តិការ​កម្ទេចក្រុមសកម្ម​ប្រយុទ្ធ​បណ្តាញ ISIS ដែលបានចូល​ដណ្តើមគ្រប់គ្រងទីក្រុង Marawi កាលពីថ្ងៃទី២៣ ខែ​ឧសភាមក មនុស្សសរុប​ចំនួនជាង ៤០០នាក់​ហើយបានបាត់បង់ជីវិត ដោយក្នុងនោះ​មានពួកឧទ្ទាម ៣០៣នាក់ ជនស៊ីវិល ៤៤នាក់ និងកងទ័ព ៧៥នាក់៕