(ញូយ៉ក)៖ ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡាលំដាប់ថ្នាក់​ពិភពលោក Nike បាន​ឈាន​ដល់​​កិច្ច​ព្រម​ព្រៀង​​មួយ​ស្តី​ពី​ការ​លក់​ផលិត​ផល​របស់​​ខ្លួន​​​ក្នុង​ចំនួន​កំណត់​មួយ តាមរយៈក្រុមហ៊ុន​លក់ទំនិញអនឡាន​ដ៏ពេញនិយម Amazon។ នេះបើតាម​ការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ Nike គឺ​លោក Mark Parker ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។

លោក Parker បានឲ្យដឹងថា ក្រុមហ៊ុន​ Amazon នឹងធ្វើការដាក់លក់​ផលិតផល​របស់ Nike ក្នុងចំនួនកំណត់មួយ ដែលរួមមាន​ទាំងស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ​ចម្រុះដទៃផ្សេងទៀត និងបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន Nike កំពុងព្យាយាម​បង្កើនវត្តមានរបស់ខ្លូននៅលើ​វែបសាយលក់ទំ​និញ​អនឡាញនេះ។ ម៉្យាងវិញទៀតលោក Parker បានបន្តថា ការសហការនេះ​គ្រាន់តែជាការ​សាកល្បងមួយសិនប៉ុណ្ណោះ ដោយ​ក្រុមហ៊ុន​របស់លោក នឹងទន្ទឹងរង់ចាំដើម្បីធ្វើការវាយតម្លៃ​ ទៅលើលទ្ធផល​ដែលនឹងទទួលបាន។

បើតាមលោក Parker ក្រុមហ៊ុន Nike ក៏នឹងបង្កើន​ការលក់ផលិតផល​ដោយផ្ទាល់ តាមរយៈវែបសាយផ្លូវការ ក៏ដូចជាកម្មវិធី​ទូរស័ព្ទដៃ​របស់ក្រុម​ហ៊ុន​ផ្ទាល់ផងដែរ៕