(ម៉ូស្គូ)៖ នៅទីបំផុត​ស្ថាបនិក Telegram លោក Pavel Durov បានយល់ព្រម​ចុះបញ្ជីក្រុមហ៊ុន​របស់ខ្លួន ស្របតាមច្បាប់នៅក្នុងប្រទេសរុស្ស៊ីហើយ បន្ទាប់ពីមាន​ការដាក់សម្ពាធ​ពីសំណាក់អាជ្ញាធរ​និយ័តកម្មរុស្ស៊ី ដែលព្រមាន​បិទបើសិន​ជាមិនអនុវត្តន៍តាមច្បាប់​ថ្មី​ស្ដីពីការគ្រប់គ្រងទិន្នន័យ។ នេះបើតាមការចេញ​ផ្សាយដោយ​ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ​ទី៣០ ខែមិថុនា ឆ្នាំ២០១៧។​

យោងតាម លោក Pavel Durov ក្រុមហ៊ុន T​elegram បានចុះឈ្មោះ​ក្នុងបញ្ជី​អ្នកចែកចាយ​ព័ត៌មាន​ របស់រដ្ឋាភិបាលរុស្ស៊ី។ ក៏ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា ស្ថាបនិក​វ័យក្មេងរូបនេះ នៅតែទទូច​ដដែលថា ក្រុមហ៊ុននឹង​មិនចែករំលែក​ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក​ប្រើប្រាស់ឡើយ។ Telegram បានផ្ដល់​ឱ្យអ្នកប្រើប្រាស់​នូវកម្មវិធីផ្ញើសារ​​បម្លែងទៅជាកូដ ដែលមិនអាចឱ្យ​ក្រុមឧក្រិដ្ឋជន ឬក្រុមអាជ្ញាធរ​អានសារ​ទំាងនោះបានឡើយ នៅពេល​ត្រូវគេ Hack​ ហើយដែលនេះ​ទើបកម្មវិធីនេះ​ មានប្រជាប្រិយភាពកាន់តែខ្លាំង​សម្រាប់ពួកភេរវករ​ដូចជា ISIS ប្រើវាក្នុង ការអនុវត្តន៍​សកម្មភាពវាយប្រហារ​ភេរវកម្ម​របស់ពួកគេ។​ ដូច្នេះទើប​រដ្ឋាភិបាលរុស្ស៊ី​ បានដាក់ចេញ​ច្បាប់ថ្មី​មួយស្ដីពីទិន្នន័យ ដោយតម្រូវ​ឱ្យមានការចែក​រំលែកព័ត៌មាន តាមរយៈការចុះ​បញ្ជីជាមួយអាជ្ញាធរ​និយ័តកម្មរុស្ស៊ី និងស្ដុកទុក​ទិន្នន័យ​អ្នកប្រើប្រាស់​រយៈពេល០៦ខែ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Telegram មានអ្នកប្រើប្រាស់​ប្រមាណជា​១០០លាននាក់ ហើយការ​តម្រូវរបស់​អាជ្ញាធររុស្ស៊ី បានបង្កជាការរិះគន់​យ៉ាងខ្លំាង​ នៅក្នុងចំណោម​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស៕