(ញូដេលី)៖ រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Narendra Modi បានផ្តល់សិទ្ធិអនុញ្ញាតសម្រាប់គម្រោងនៃការលក់ភាគហ៊ុនរបស់ខ្លួន នៅ​ក្នុង​​ក្រុម​ហ៊ុនអាកាសចរណ៍ជាតិ Air India ហើយ ស្របពេលដែលរដ្ឋមន្រ្តីមួយក្រុមនឹងធ្វើការសម្រេចចិត្ត លើបែបបទនៃការដាក់លក់ក្រុម​ហ៊ុន​អាកាស​ចរណ៍ដែលមានអាយុកាលប្រមាណ៧០ឆ្នាំ និងកំពុងជំពាក់បំណុលគេដល់ទៅ៨ពាន់លានដុល្លារសហរដ្ឋអាមេរិកមួយនេះ។ នេះ​បើ​តាម​ការ​ប្រកាសរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌា ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី​ Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

សូមជំរាបថា ក្រុមហ៊ុនអាកាសចរណ៍ Air India ត្រូវបានស្ថាបនាឡើងដោយលោក Jehangir Ratanji Dadabhoy Tata កាលពី១៩៣២ ជាមួយ​និងឈ្មោះថា Tata Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍បំផុតរបស់ប្រទេសឥណ្ឌា ហើយក្រោយមកក៏ត្រូវបានប្តូរឈ្មោះ​និងក្លាយ​ជា​​​អាកាសជាតិកាលពីឆ្នាំ១៩៥៣។ ដោយឡែកកាលពីឆ្នាំ២០០១ រដ្ឋបាលឥណ្ឌាក្រោមអតីតមេដឹកនាំលោក Atal Behari Vajpayee ក៏ធ្លាប់បាន​ព្យាយាមលក់ Air India ម្តងរួចមកហើយដែរទៅឲ្យសម្ព័ន្ធ Tata Group និងអាកាសចរណ៍សិង្ហបុរី Singapore Airlines ក៏ប៉ុន្តែមិនបានជោគជ័យ ដោយ Singpapore Airlines បានសម្រេចដកខ្លួនមិនព្រមទិញយកវិញ៕