(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះមាន អ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ មន្ត្រីសង្ឃជាន់ខ្ពស់​សាសនាគ្រិស្ដនិកាយ Roman Catholic និងជាទីប្រឹក្សាជាន់ខ្ពស់​​របស់សម្ដេចប៉ាប Pope Francis​ ព្រះសង្ឃ George Pell ត្រូវបានប៉ូលិសអូស្រ្ដាលី ចោទប្រកាន់ពីបទរំលោភ​បំពានផ្លូវភេទលើកុមារ និងតម្រូវ​ឲ្យ​ចូលបង្ហាញ​ខ្លួន​​នៅ​ចំពោះ​មុខ​តុលាការ​​ក្នុងទីក្រុង Melbourne នាថ្ងៃទី១៨ ខែកក្កដា ខាងមុខនេះ។ មន្ត្រីសង្ឃជាន់ខ្ពស់ កាតូលិករូបនេះ បានទាត់ចោលរាល់ការចោទប្រកាន់ទំាងឡាយ ដោយអះអាងទៀតថា នឹងធ្វើដំណើរចេញពីបុរីវ៉ាទីកង់ ទៅកាន់អូស្ត្រាលី ដើម្បីបញ្ជាក់ភាពស្អាតស្អំ។

២៖ សភាអាមេរិក កំពុងគិតពិចារណាអំពីការហាមឃាត់ អ្នកទេសចរណ៍អាមេរិកនានា មិនឲ្យធ្វើដំណើរ​ទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមរណៈភាពរបស់និស្សិតវ័យក្មេង Otto Warmbier ដែលបាន​ជាប់គុក១៧ខែនៅកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង បានបដិសេធថា ខ្លួនមិនបានធ្វើទារុណកម្មលើនិស្សិតរូបនេះឡើយ ហើយថាការសម្រេចចិត្តដោះលែងគឺ ធ្វើឡើងផ្អែកលើគោលការណ៍មនុស្សធម៌។

៣៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមថានឹងយន្តហោះ​ដ្រូនស៊ើបការណ៍ ដែលមានតម្លៃជាង​ពីរពាន់លានដុល្លារ​ ទៅឲ្យប្រទេស​​ឥណ្ឌា​ ​ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ចាំ​បាច់​​ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​សភា​មួយ​ដំណាក់កាល​ទៀត។ ការយល់ព្រមនេះ ធ្វើឡើងក្រោយលោកត្រាំ ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី នៅសេតវិមានកាលពីប៉ុន្មានថ្ងៃមុននេះ។

៤៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅក្នុងឱកាសចូលរួមពិធីប្រារព្ធខួប២០ឆ្នាំ ដែលអង់គ្លេស ប្រគល់ទីក្រុងហុងកុងមកឱ្យចិនវិញ បានបង្ហាញការ​ប្តេជ្ញាថា រដ្ឋាភិបាលទីក្រុង ប៉េកាំង នឹងជួយគាំទ្រជានិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលើកស្ទួយសុខុមាលភាពនៃប្រជាជនទាំងអស់របស់ទីក្រុងភាគនិរតីមួយនេះ ផងដែរ។ អង់គ្លេស បានប្រគល់ទីក្រុងហុងកុង ក្រោមទម្រង់គ្រប់គ្រងបែបប្រជាធិបតេយ្យ រដ្ឋមួយប្រព័ន្ធពីរកាលពីឆ្នាំ១៩៩៧។

៥៖ កងទ័ពអូស្រ្ដាលី និងសហរដ្ឋអាមេរិក ៣៣,០០០នាក់ ​បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា​រួមគ្នាទ្រង់ទ្រាយធំ នៅថ្ងៃព្រហស្បតិ៍នេះ ​នៅលើផ្ទៃសាគរប៉ាស៊ីហ្វិក ដើម្បីជាសារមួយផ្ញើ ដល់​គូរប្រជែង​ឥទ្ធិពល នៅក្នុងតំបន់ដ៏មាន​សក្ដានុពល​ដូចជាចិន ដែលកំពុងពង្រីកឥទ្ធិពលឥតឈប់ឈរនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង។

៦៖ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានរាយការណ៍ថារថយន្តមួយគ្រឿង បានបើកបំបុកខ្លោងទ្វារវិមានប្រធានាធិបតីប្រេស៊ីល ដែលស្ថិតនៅក្នុងរដ្ឋធានីប្រេស៊ី​ឡា ស្របពេល​សម្ពាធ តានតឹងកាន់​តែបន្តរីករាលដាលខ្លាំងឡើងៗ​សម្រាប់លោក Michel Temers ដែលត្រូវបាន​គេទាមទារឲ្យ​ចុះចេញ​ពី​តំណែង​ ​ជា​មេដឹកនាំប្រទេសអាមេរិកឡាទីនមួយ បន្ទាប់លេចលឺ ថាលោកមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ៕