(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន​បានតៀមរួចហើយ ក្នុងការរៀបចំផែនការ​ស្ថាបនាទីក្រុង Marawi ឡើងវិញ ដែលទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំ ដោយសារសង្រ្គាមរវាង​កងកម្លាំង​រដ្ឋាភិបាលជាមួយ​ពួកឧទ្ទាម មាន​សម្ព័ន្ធភាព​នឹងពួក ISIS នៅភាគខាងត្បូង​នៃប្រទេស។ ប៉ុន្តែមក​ទល់ពេលនេះ កងកម្លាំងហ្វីលីពីន​ពុំទាន់អាចដណ្ដើម​បានទីក្រុងមួយនេះ ទំាងស្រុងនៅឡើយទេ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងគំរោង​នេះដែរ រដ្ឋមន្ត្រីកិច្ច​សាធារណៈ និងផ្លូវហៃវ៉េ​ហ្វីលីពីន លោក Mark Villar បានឱ្យដឹងថា ផែនការសម្រាប់កសាង​ទីក្រុង Marawi​ ឡើងវិញ​ ត្រូវបានគេ​ត្រៀមរួច​រាល់ហើយ។ លោក Mark Villar បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា «ក្រសួងរបស់លោក​កំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរនៃ​កោះមីនដាណាវ ដើម្បីអនុវត្តន៍​ផែនការ នេះឱ្យបានឆាប់រហ័ស តាមការចង់បាន​របស់ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។​ ចំណែកឯ ការសាងសង់ ឬក៏ជួសជុលលំនៅដ្ឋាន​ សម្រាប់ប្រជាជន​ក្នុងតំបន់ក៏ជាផ្នែក​មួយនៃផែនការ​នេះដែរ »

គួរបញ្ជាក់ថា កាលពី​ថ្ងៃអង្គារ លោក ឌូតឺតេ បាននិយាយថា រដ្ឋាភិបាលរបស់​លោក​បានទម្លាក់កញ្ចប់​ថវិកាជាង ៣៩៥លានដុល្លារ ដើម្បីស្ថាបនា​ទីក្រុង Marawi ឡើងវិញ ដែលរង​ការខូត​ដោយសារសង្រ្គាម​​អស់រយៈពេល​៣៨ថ្ងៃមកនេះ ខណៈមនុស្ស​យ៉ាងហោចណាស់ ៤២២នាក់ ត្រូវបានសម្លាប់​​ក្នុងនោះមានពួកភេរវករ ៣០៣នាក់ ជនស៊ីវិល ៤៤នាក់ និងកងទ័ព ៧៥នាក់។ នេះបើតាមរបាយការណ៍យោធា​ហ្វីលីពីន៕