(សេអ៊ូល)៖ ប្រធានាធិបតី​ដ៏មានប្រជាប្រិយភាពរបស់​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្តេជ្ញានៅ​ថ្ងៃព្រហស្បតិ៍​នេះថា លោកនឹងរិះរក​គ្រប់វិធីទាំងអស់ ដើម្បីជម្រុញ​ឲ្យប្រទេស​កូរ៉េខាងជើង លះបង់ចោល​កម្មវិធីផលិតអាវុធ​នុយក្លេអ៊ែរ​ទាំងស្រុងតែម្តង ដើម្បីស្តារឡើងវិញ​នូវសន្តិសុខ និងសន្តិភាព​នៃតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ការថ្លែងរបស់ លោក មូន ជែអ៊ីន ខាងលើនេះ​បានធ្វើឡើងនៅ​ក្នុងបទអត្ថាធិប្បាយមួយ ដើម្បីស្វាគមន៍ទិវារំលឹក​ខួបឆ្នាំទី៣ នៃការបង្កើតគំនិតរួបរួមជាតិ ដែលមានក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង​ជាសហប្រធាន។ បច្ចុប្បន្ននេះ លោក មូន ជែអ៊ីន កំពុងតែស្ថិត​នៅសហរដ្ឋអាមេរិក ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដោយក្នុងនោះ លោកនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាបញ្ហា​ជាច្រើនរវាងសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ទាំងពីរ ជាពិសេសបញ្ហាកូរ៉េខាងជើងតែម្តង។

គួរបញ្ជាក់តាមសម្តីរបស់ លោក មូន បានបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រកបដោយសន្តិភាពជាមួយនឹង​ប្រទេស​កូរ៉េខាងជើង គឺមិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជារឿងដែលមិនអាចមើលរំលងបាន សម្រាប់ប្រទេសកូរ៉េ​ទាំងពីរ ដើម្បីគោលដៅធ្វើឲ្យមានការរីកចំរើនប្រកបដោយចីរភាព និងអនាគតប្រកបដោយសន្តិភាព សម្រាប់ក្មេងៗជំនាន់​ក្រោយរបស់យើង៕