(អ៊ីស្រាអែល)៖ អតីតនាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល លោក Ehud Olmert ដែលបានអនុវត្តន៍ទោស​ជាប់ពន្ធនាគារ​ អស់រយៈពេលជាង ២៧ខែមកហើយនេះពីបទពុករលួយ នឹង​ត្រូវបាន​ដោះលែងឱ្យ​មានសេរីភាព​មុនកាលកំណត់ បន្ទាប់ពីលោក​បានទទួលជោគជ័យ​ ក្នុងការជជែកដេញពីការជជែងដេញដោល រឿងក្តីរបស់លោកឡើងវិញ​នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមសម្តីមេធាវីម្នាក់​របស់លោក ដកស្រង់ដោយ​សារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ បើតាមស្ថានីយ៍វិទ្យុ Israel Radio លោក Ehud Olmert អាចនឹងត្រូវ​បានដោះលែង​ឱ្យមានសេរីភាព នៅថ្ងៃអាទិត្យនេះ ក្រោយគណៈកម្មាធិការ​កំណត់លក្ខខណ្ឌ ដោះលែង (អ្នកទោស) បានសម្រេច​ចិត្តបន្ធូរបន្ថយ​ទោស​ឱ្យរូបលោក ហើយដែល​ការអនុវត្តន៍បែបនេះ តែងតែធ្វើឡើងនៅក្នុង​ប្រទេសអ៊ីស្រាអែល សម្រាប់អ្នកទោស​មិនបានប្រព្រឹត្ត​បទឧក្រិដ្ឋដោយអំពើហិង្សា។ ក៏ប៉ុន្តែ ការដោះលែងនេះ​អាចនឹងត្រូវពន្យាពេល បើសិនជា​ក្រុមរដ្ឋអាជ្ញាសម្រេចចិត្តប្ដឹងឧទ្ធរណ៍។ នេះបើតាម​លោកមេធាវី Shani Eluz។

លោក Shani Eluz បានបន្ថែមទៀតថា «គណៈកម្មាធិការកំណត់​លក្ខខណ្ឌដោះលែង (អ្នកទោស) បានទទួលយក​ការសំអាង​របស់យើង ដូច្នេះលោក Olmert អាចនឹងត្រូវ​បានដោះលែ ​នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ... គាត់ពិតជាសប្បាយ​រីករាយណាស់ ហើយគាត់​ក៏សង្ឃឹមដែរថា ក្រុមរដ្ឋអាជ្ញា​នឹងមិនដាក់ពាក្យប្ដឹង​ឧទ្ធរណ៍នោះទេ»

គួររំលឹកថា កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ លោក Ehud Olmert អាយុ៧១ឆ្នាំ ត្រូវបានតុលាការ​កាត់ទោស​ឱ្យជាប់ពន្ធនា​គាររយៈពេល០៦ឆ្នាំ ពីបទប្រព្រឹត្ត​អំពើពុករលួយដោយ ទទួលសំណូក​ពីក្រុមអ្នកវិយោគ​ផ្នែកអចលទ្រព្យ នៅអំឡុងពេល​លោកកាន់តំណែង​ជាអភិបាលក្រុង ពោលគឺនៅមុន​ពេលលោកជាប់ឆ្នោត​ ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលពី​ឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩៕