(ក្វាតេម៉ាឡា) ៖ ភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ បានធ្វើការបោកបក់វាយប្រហារ តំបន់ឈូងសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេសក្វាតេម៉ាឡា។ នេះបើតាមសារព័ត៌មាន ABC ចុះផ្សាយនាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Guatemala បានរាយការណ៍ថា គ្រោះរញ្ជួយដីនេះបានកើតឡើង នៅវេលម៉ោង៦៖៣១នាទីព្រឹក (ម៉ោងក្នុងតំបន់) ប៉ុន្តែភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ពាក់ព័ន្ធនឹងការខូចខាតនៅឡើយនោះទេ។

ភ្នាក់ងារភូមិសាស្ត្របានបន្ថែមថា គ្រោះរញ្ជួយដីនេះ មានទីតាំងចំណុចកណ្តាល ស្ថិតនៅចម្ងាយ៣៨គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិច ទីក្រុង Puerto San Jose ហើយមានជម្រៅ១០គីឡូម៉ែត្រ នៅក្រោមដី៕