(ម៉ានីល)៖ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលហ្វីលីពីន បាននិងកំពុងធ្វើការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ជាមួយបណ្តាញក្រុម ISIS នៅ​ភាគ​​ខាង​ត្បូង​ប្រទេស​នោះ អ្នក​នាំពាក្យរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍​នេះថា ទីក្រុងម៉ានីល​និងទីក្រុងហ្សាការតា កំពុង​តែ​រួម​​កម្លាំង​គ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញភេរវករ​គាំទ្រក្រុម ISIS នៅ​ក្នុង​តំបន់។ នេះបើតាមការ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯវិមាន​ប្រធានាធិបតី Malacanang អ្នកនាំពាក្យខាងលើ​គឺ លោក Ernesto Abella បានបញ្ជាក់ថា ប្រធា​នាធិបតី​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក ចូកូ វីឌូឌូ (Joko Widodo) បានជួបសន្ទនា​គ្នាតាមប្រព័ន្ធទូរស័ព្ទ កាលពី​យប់ថ្ងៃពុធ​ម្សិលមិញនេះ ដើម្បីជជែក​ពិភាក្សា​អំពីការគំរាមកំហែង​កាន់តែធ្ងន់ធ្ងរទៅៗ ដែលបង្កឡើង​ដោយក្រុម​សកម្មប្រយុទ្ធ​គាំទ្រ ISIS នៅ​ក្នុងតំបន់។

ក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទរវាង​មេដឹកនាំ នៃប្រជាជាតិអាស៊ី​អាគ្នេយ៍ទាំងពីរ លោក Abella បានឲ្យដឹងទៀតថា លោក វីឌូឌូ បានបញ្ជាក់​ពីគោល​ជំហររបស់ឥណ្ឌូណេស៊ី​សាជាថ្មីម្តងទៀត ក្នុងការគាំទ្រ​យ៉ាងមុតមាំ​ដល់រដ្ឋាភិបាល​ទីក្រុងម៉ានីល ដើម្បីបង្រ្កាប​អំពើភេរវកម្ម ក៏ដូចជាស្តារសន្តិ​ភាព ​និងស្ថិរភាព​នៅ​ភាគខាងត្បូង​ហ្វីលីពីនឡើងវិញ។

ម៉្យាងវិញទៀត​នាថ្ងៃព្រហស្បតិ៍នេះ ជំនួបត្រីភាគីមួយរវាង​រដ្ឋមន្រ្តីការបរទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏កំពុងប្រព្រឹត្ត​ទៅ​ផងដែរ​នៅឯរដ្ឋធានីម៉ានីល​ ក្នុងគោលបំណង​រិះរកក៏ដូចជាស្ថាបនា​យុទ្ធសាស្រ្ត​រួមគ្នានានា ដើម្បីទប់ស្កាត់​ក្រុមសកម្មប្រយុទ្ធ​ទាំងនោះ កុំឲ្យកើនឡើង​​ឥទ្ធិពល និងឈរជើងកាន់តែរឹងមាំ​នៅក្នុងតំបន់។

គួរបញ្ជាក់ថា ហ្វីលីពីន​បាននិងកំពុងបន្តតែតស៊ូប្រយុទ្ធ​ប្រឆាំងជាមួយនិង​អំពើភេរវកម្ម និងសកម្មភាព​ជ្រុលនិយម នៅភាគខាងត្បូង​ប្រទេស​។ លោក ឌូតឺតេ បានលើកឡើងថា ក្រុមសកម្មប្រយុទ្ធ​មកពី​ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសូម្បីតែ​តំបន់មជ្ឈិមបូព៌ា កំពុងចូលរួមជា​មួយក្រុម​សកម្មប្រយុទ្ធ​ នៅភាគខាងត្បូង​ហ្វីលីពីន ខណៈការប្រយុទ្ធគ្នា​យ៉ាងក្តៅគគុក​ រវាងកងទ័ពរដ្ឋាភិបាល និងក្រុម​ឧទ្ទាមគាំទ្រ ISIS នៅក្នុងទីក្រុង Marawi លើកោះ Mindanao បានអូសបន្លាយ​អស់រយៈពេល​ជាងមួយខែ​ទៅហើយ។ ទន្ទឹមនឹងនេះ គិតចាប់តាំង​ពីការប្រយុទ្ធគ្នា​បានផ្ទុះ​ឡើង​មក​ មនុស្សយ៉ាងតិច​ចំនួន ​៣៦៩នាក់ បានបាត់បង់ជីវិត ដោយរាប់បញ្ចូល​ទាំងពលទាហាន និងប៉ូលិស ៦៧នាក់៕