(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែ ម៉ាក្រុង បាននិយាយថា ការទម្លាក់លោក បាស្សា អាល់ អាស្សាដ ពីតំណែងជាប្រធានាធិបតីស៊ីរី មិនមែនជាកិច្ចការត្រូវធ្វើមុន គេបង្អស់នោះទេ ដែលនេះគឺផ្ទុយ​ទំាងស្រុងពីគោលជំហរ​ នៃរដ្ឋាភិបាលរបស់អតីត​ប្រធានាធិបតី​បារាំង លោក​ ហ្រ្វង់ស័រ ហូឡង់ ដែលចង្អុលមុខ​លោក អាស្សាដ ថាជាមេបង្ករឿងនៅ​ស៊ីរី ហើយគួរតែចុះចេញ​ពី​តំណែង។ នេះបើតាម​ការចេញ​ផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​បទសម្ភាស៍ជាមួយ​បណ្ដា​សារព័ត៌មានអឺរ៉ុប កាលពី​ថ្ងៃពុធ លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «ទស្សនវិស័យថ្មីដែល​ខ្ញុំមាន​សម្រាប់ប្រធានបទនេះ (សង្រ្គាមស៊ីរី) គឺខ្ញុំមិនគិតទេថា ការចាកចេញ​របស់លោក បាស្សា អាល់ អាស្សាដ គឺជាកិច្ចការត្រូវ​ធ្វើមុនគេ​បង្អស់ ពីព្រោះគ្មាន​នរណាម្នាក់​ប្រាប់ខ្ញុំ​ ពីភាពស្របច្បាប់​នៃអ្នកឡើង​មកកាន់តំណែង​ជំនួសគាត់ នោះទេ... ប៉ុន្តែសម្រាប់​ខ្ញុំ​បច្ចុប្បន្នរឿង​ត្រូវធ្វើមុនគេ គឺប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវករ​ទាំងអស់ ដែលជាសត្រូវ​របស់ពួកយើង ហើយយើង​ត្រូវការចូលរួមពី​អ្នកទាំងអស់គ្នា ជាពិសេស​រុស្ស៊ីដើម្បីកម្ចាត់​ពួកគេ»

គួរបញ្ជាក់ថា ការលើកឡើង​បែបនេះ​របស់លោក ម៉ាក្រុង គឺផ្ទុយទាំងស្រុង​ទៅនឹងគោលជំហរ លោក ហ្វ្រង់ស័រ ហូឡង់ ដែលធ្លាប់ចង់ឱ្យ​លោក អាស្សាដ ចុះចេញពីតំណែងហើយរៀបចំការបោះឆ្នោតមួយ សំដៅ​បញ្ចប់ជម្លោះ​នៅស៊ីរី។ «អាស្សាដ គឺជាប្រភពដើម​នៃបញ្ហា ហើយមិនគួរក្លាយ​ជាផ្នែកមួយ​ នៃដំណោះស្រាយ​បញ្ចប់ជម្លោះឡើយ»។ នេះគឺជាការ​លើកឡើងរបស់ លោក ហូឡង់ នៅមហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ២០១៥៕