(វ៉ាស៊ីនតោន)៖ អ្នកបើកបរយន្ដហោះម្នាក់ បានបង្ខំចិត្តលោតចុះពីលើយន្ដហោះ​ចម្បាំង F-16 ភ្លាមៗ ក្រោយត្រូវ​ភ្លើងឆេះ​នៅក្នុងអំឡុងពេលហោះហើរ នៅឯអាកាស​យានដ្ឋាន Houston's Ellington នៃរដ្ឋTexas​ នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក)។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​សេចក្ដីថ្លែងការណ៍ ពីទីបញ្ជាការ​ទ័ពអាកាស​អាមេរិក (North American Aerospace Defense Command) ពីឡុតរូបនេះ​បានលោត​ចេញពី F-16 ដោយសុវត្ថិភាព ហើយរូបគេត្រូវ​បានបញ្ចូនទៅ​កាន់មន្ទីរពេទ្យនៅក្នុងតំបន់ រីឯខាងមន្ទីរពេទ្យ​ក៏បានអះអាងដែរថា គាត់ស្ថិតនៅ​ក្នុងស្ថានភាព​នឹងនរ។ ​ដោយឡែក ផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍ថា ឧបទ្ទហេតុនេះ​បានកើតឡើង​នៅអំឡុងពេលពីឡុត និងយន្ដហោះ F-16 របស់គាត់​បានចូលរួម​ក្នុងវគ្គបណ្ដុះបណ្ដាល​មួយ មានឈ្មោះថា Noble Eagle air defense program ដែលត្រូវបានចាប់​ផ្ដើមធ្វើឡើងរៀងរាល់ឆ្នាំ បន្ទាប់ពីមានការ​វាយប្រហារ​ភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា នៅសហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងពេលហោះហើរ​បានបន្តិច ស្រាប់តែ​លឺសូរសំឡេងផ្ទុះឡើង និងមានផ្សែង​ចេញពីយន្ដហោះ​ទៅវិញ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យ​កងកម្លំាងទ័ពអាកាស Texas Air National Guard 147th យន្ដហោះ​ចម្បាំង F-16 ​នេះ​មានសារធាតុរំសេវ​នៅលើនៅពេលជួបគ្រោះ​ថ្នាក់ធ្លាក់ ប៉ុន្តែការស៊ើបអង្កេត​កំពុងបន្តធ្វើឡើង ដើម្បីបញ្ជាក់ឱ្យច្បាស់​ពីមូលហេតុ៕