(ម៉ាឌ្រីត)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា លោកមានការគោរពកោតក្រែង ចំពោះប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទោះបីជារូបលោកទាំងពីរមាន បញ្ហាខ្វែងគំនិតគ្នាខ្លះៗ ទៅលើបញ្ហានៅក្នុងប្រទេសស៊ីរី និងអ៊ុយក្រែនយ៉ាងណាក្តី។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចសម្ភាសន៍​មួយនាថ្ងៃពុធ​សប្តាហ៍នេះ ជាមួយបណ្តា​សារព័ត៌មានអឺរ៉ុប លោក Macron បានថ្លែងថា «ខ្ញុំមានការគោរព​ចំពោះលោក វ៉្លាឌីមៀ ពូទីន។ ពួកយើងបាន​ធ្វើការដោះប្តូរទស្សនៈរវាងគ្នា​ទៅវិញទៅមក ហើយពួកយើង​ទាំងពីរ​ មានការខ្វែងគំនិតគ្នា​ពិតប្រាកដមួយ​ចំនួន​ រួមទាំងបញ្ហានៅ​អ៊ុយក្រែន និងស៊ីរី ក៏ប៉ុន្តែលោក ពូទីន បានមើលឃើញ​យ៉ាងច្បាស់ថា អ្វីទៅជាគោល​ជំហរបស់ខ្ញុំនោះ។ ខ្ញុំបានចំណាយ​​ពេល​យ៉ាងយូរដើម្បី​ជជែកពិភាក្សា​ទល់មុខគ្នា​មួយទល់នឹងមួយ​ជាមួយលោក វ៉្លាឌីមៀ ពូទីន អំពីបញ្ហា​អន្តរជាតិ រួមទាំងការ​ការពារអង្គការ​​មិន​មែន​រដ្ឋា​​ភិ​បាល​ ក៏​ដូច​ជា​ការការពារសិទ្ធិសេរី​នៅក្នុងប្រទេស​របស់លោក ពូទីន... ឥឡូវនេះយើង​មានបញ្ហានៅអ៊ុយក្រែន និងស៊ីរី​ជាមួយ លោក​ វ៉្លាឌីមៀ ពូទីន»

គួររំលឹកថា កាលពី​ខែឧសភាកន្លង​ទៅនេះ លោក Macron បានទទួលស្វាគមន៍​ដំណើរទស្សនកិច្ច​ របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅឯវិមាន Versailles ដែលស្ថិតនៅក្បែរ​ទីក្រុងប៉ារីស។ ទោះបីជា​ពុំមានសមិទ្ធិផល​ជាផ្លែផ្កាណាមួយ ត្រូវសម្រេច​បានក្នុងអំឡុង​ការជជែក​ពិ​ភាក្សា​ រវាងមេដឹកនាំទាំងពីរយ៉ាងណាក្តី លោក ពូទីន និងលោក Macron ក៏បានពិភាក្សា​អំពីទំនាក់ទំនង​ទ្វេភាគី រួមទាំងបញ្ហា​អន្តរជាតិ​ដ៏រសើប​គឺស្ថានការណ៍​នៅអ៊ុយក្រែន និងស៊ីរី។ លោក ពូទីន បានចាត់ទុក​កិច្ចពិភាក្សា​នេះថា ត្រូវបានធ្វើឡើង​ដោយចំហរ និងស្មោះត្រង់ ខណៈលោក Macron បានគូស​បញ្ជាក់ថា បញ្ហាដ៏សំខាន់ៗ​មិនអាចត្រូវ​ដោះស្រាយបាន ដោយពុំមានការជជែក​ពិភាក្សាផ្ទាល់មាត់​ ជាមួយរុស្ស៊ីឡើយ៕