(កង់បេរ៉ា)៖ កងកម្លាំងការពារអូស្ត្រាលី (ADF)​ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមធ្វើប្រតិបត្តិការវាយប្រហារ​តាមផ្លូវអាកាស​ ប្រឆាំងនឹងពួក ISIS នៅក្នុងប្រទេស​ស៊ីរី​ឡើងវិញ បន្ទាប់ពីបាន​ផ្អាកមួយរយៈពេលខ្លី ដោយសារ​ការព្រមាន​របស់រុស្ស៊ី។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ADF​ បានបញ្ជាក់យ៉ាងដូច្នេះថា «ការផ្អាកត្រូវបាន​ដកចេញ ដែលនេះមាន​ន័យថា ការសម្រេចចិត្ត​បញ្ឈប់ការធ្វើ ប្រតិបត្តិការ​គឺគ្រាន់តែធ្វើឡើង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ... ហើយ​ប្រតិបត្តិការ​វាយប្រហារ​តាមផ្លូវអាកាស​របស់ ADF នៅអ៊ីរ៉ាក់ នឹងនៅតែជាផ្នែក​មួយនៃក្រុមចំរុះ​ដដែល ដើម្បីជួយ​កងកម្លាំងអ៊ីរ៉ាក់​វាយយកទីក្រុង​ម៉ូស៊ុល ពីពួក ISIS មកវិញ»

គួររំលឹកថា កាលពីថ្ងៃដើម​សប្ដាហ៍នេះ​កងកម្លាំងទ័ពអកាស​អូស្ត្រាលី បានសម្រេចចិត្តផ្អាក​ការវាយប្រហារ​តាមផ្លូវអាកាស​នៅស៊ីរី បន្ទាប់ពីទី​ក្រុងម៉ូស្គូព្រមានថា រាល់យន្ដហោះ ចម្បំាងក្រុមចំរុះ​អន្តរជាតិដឹកនាំ​ដោយសហរដ្ឋអាមេរិក ដែលហោះពីលើ​តំបន់ភាគខាង​លិចទន្លេ Euphrates អាចនឹងក្លាយ​ជាគោលដៅបាញ់ទម្លាក់ ហើយដែល​ការព្រមាននេះ​ទៀតសោត​ បានធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ ក្រោយ​សហរដ្ឋអាមេរិក បាញ់ទម្លាក់យន្ដហោះ​ចម្បាំងស៊ីរី​មួយគ្រឿង កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន៕