(វ៉ាស៊ីនតោន)៖ ភាពមិនប្រក្រតីនៃសកម្មភាពរបស់កូរ៉េខាងជើង នៅឯទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដី អាចមានន័យថា ទីក្រុងព្យុងយ៉ាង​នឹងធ្វើការសាកល្បង​អាវុធនុយក្លេអ៊ែរជាលើកទី០៦ នៅក្នុងពេល​ឆាប់ៗនេះ។ ជាមួយគ្នានោះដែរ បើតាម​សារព័ត៌មាន Jerusalem Online ទីក្រុង​វ៉ាស៊ីតោន កំពុងមាន​ការព្រួយបារម្ភជាខ្លាំង​ដោយខ្លាចក្រែងថា កូរ៉េខាងជើង​អាចបំផ្ទុះក្បាល​គ្រាប់នុយក្លេអ៊ែរ នៅក្រោយ​ពេលដែលមន្ត្រី​ជាន់ខ្ពស់ចិន​ ជួបប្រជុំជាមួយ​មន្រ្តីអាមេរិក​ក្នុងទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃពុធ​សប្ដាហ៍នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

កាលពីថ្ងៃពុធ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​អរគុណចិន​ដែលបាន​ចូលរួមចំណែក​ដាក់ទណ្ឌកម្ម​លើកូរ៉េខាងជើង ប៉ុន្តែលោក ត្រាំ ក៏កត់​សម្គាល់ដែរថា ការចូលរួម​នេះមិនមាន​ប្រសិទ្ធភាព ឬធ្វើឡើងឱ្យ​ពេញដៃពេញជើង​នោះទេ។ ដោយឡែក ជុំវិញ​ការព្រួយបារម្ភ​ចំពោះការធ្វើអាវុធនុយក្លេអ៊ែរ​នេះដែរ លោក ត្រាំ ផ្ទាល់ធ្លាប់​បានព្រមាន​ជាច្រើន​ដងថា គោលនយោបាយ​អត់ធ្មត់​បានដើរដល់ទីបញ្ចប់ ហើយថា​ជម្រើសជាច្រើន​រួមទាំងការប្រើប្រាស់​កម្លាំងយោធា​បានត្រៀមរួច​ជាស្រេច ដើម្បីដោះស្រាយ​ជាមួយរបបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។
តែនៅទីបំផុត​រដ្ឋបាលអាមេរិក នៅតែប្រើជម្រើសដាក់​សម្ពាធលើចិន ឱ្យប្រើប្រាស់ឥទ្ធិពល​របស់ខ្លួនទប់ស្កាត់​សកម្មភាពបង្ករឿង​ ពីសំណាក់​កូរ៉េខាងជើង​ដដែល ខណៈ ក្រុមមន្ត្រីយោធា​អាមេរិក​ជាច្រើននាក់​បានព្យាករណ៍ថា ទីក្រុងព្យុងយ៉ាង​អាចនឹងបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីល​ឆ្លងទ្វីប ICBM ជាលើកដំបូង​នៅក្នុងឆ្នាំ ២០១៧នេះ។​

គួរបញ្ជាក់ថា បើតាមក្រុមអ្នក​ជំនាញអាមេរិក កូរ៉េខាងជើង​បានអភិវឌ្ឍន៍ប្រព័ន្ធ GPS និងកំាភ្លើងធំ ៣០០មីលី​ម៉ែត្រ ដែលអាចមាន​សមត្ថភាពបាញ់គ្រាប់រ៉ុក្កែត​ ជាច្រើនគ្រាប់​ក្នុងពេល​តែមួយ និងអាចកម្ទេច​គោលដៅ​សត្រូវនៅចំងាយ ២០០គីឡូម៉ែត្រ៕