(ម៉ាឌ្រីត)៖ ប៉ូលិសអេស្ប៉ាញ​បានចាប់ខ្លួនជនសង្ស័យ​ជាពួកជីហាដ ឬដែលអាជ្ញាធរ​អះអាងថា ពួកគេអាចមាន​សម្ព័ន្ធជាមួយនឹង​ក្រុមរដ្ឋអ៊ីស្លាម ISIS សរុបបីនាក់ ក្នុងនោះមានម្នាក់​ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង​ម៉ាឌ្រីត​តែម្តង ដែលវាពិតជារឿង​ដ៏គ្រោះថ្នាក់ខ្លាំងណាស់។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧។

សម្រាប់ជន​សង្ស័យម្នាក់​ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុម ISIS នោះមាន​អាយុ ៣២ឆ្នាំ ឈ្មោះ Moroccan ហើយវាបុរស​រូបនេះ គឺជាជនដែល​គ្រោងធ្វើប្រតិបត្តិការ​តែឯង។ នេះបើតាមការ​បញ្ជាក់​ពី​ក្រសួងមហាផ្ទៃអេស្ប៉ាញ ហើយប៉ូលិសថែម​ទាំងបានស៊ើបដឹង​ទៀតថា Moroccan ពិតជាមាន​ប្រវត្តិមិនសូវ​ខុសគ្នាទៅនឹង​ក្រុមភេរវករ ដែលកាល​ពីពេលថ្មីៗនេះ​បានរៀបចំការវាយប្រហារ នៅចក្រភពអង់គ្លេស និងបារាំង​ប៉ុន្មាននោះទេ ដោយវាពិតជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ ដល់សន្តិសុខ​របស់អេស្ប៉ាញ។

សម្រាប់មនុស្សពីរនាក់​ផ្សេងទៀត ដែលជាជនសង្ស័យ​ត្រូវបានចាប់ខ្លួនដែរនោះ មានអាយុ ៣៣ឆ្នាំ និង ៣៨ឆ្នាំ ហើយពួកគេ​មានបណ្តាញទាក់ទង​ជាមួយជនសង្ស័យទី១ ដើម្បីចូលរួម​ជាមួយ ISIS។ ប៉ូលិសអេស្ប៉ាញ​បានរក​ឃើញសៀវភៅ​សរសេរនៃជន​ទាំងនេះ ដោយក្នុងនោះ​មានសរសេរអំពី​របៀបរៀបចំខ្លួន ដើម្បីក្លាយជាអ្នក​បំផ្ទុះគ្រាប់​បែកអត្តឃាត។ គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញ​បានចេញសេចក្តីប្រកាស​ឲ្យប្រយ័ត្នប្រយែងខ្ពស់​ចំពោះអំពើ​ភេរវកម្មដល់កម្រិតទី០៤ (ខ្ពស់) បន្ទាប់ពីកើតមាន​ការវាយប្រហារ​នៅ ទុយនីស៊ី បារាំង និងសូម៉ាលី៕