(បរទេស)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ត្រូវគេធ្វើសេចក្តីរាយការណ៍ថា កាលពីជិតពីរសប្តាហ៍មុន ព្រះអង្គ​ត្រូវ​បាន​កូន​ក្មេង​បរទេសពីរនាក់ យកកាំភ្លើងដាក់គ្រាប់ជ័របាញ់ចំព្រះកាយ ក្នុងអំឡុងពេលយាងជិះកង់ធ្វើដំណើរនាពេលរាត្រីជ្រៅ នៅប្រទេសអាល្លឺ​ម៉ង់​។ នេះ​បើតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរបស់អាល្លឺម៉ង់ ដកស្រង់ដោយសារព័ត៌មាន Sea Globe នៅយប់ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

សារព័ត៌មានអាល្លឺម៉ង់ Bild Zeitung បានចុះផ្សាយថា ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលជាព្រះរាជាមានទ្រព្យសម្បត្តិដ៏​​ច្រើនស្តុក​ស្តម្ភ​ជាង​គេ​មួយ​អង្គ នៅលើពិភព​លោកនោះ ត្រូវបានក្មេងប្រុសចំនួនពីរនាក់ បាញ់កាំភ្លើងជ័រចំពីក្រោយទ្រង់ នៅក្នុងរដ្ឋ Bavaria នៃអាល្លឺម៉ង់។ ក្មេង​ប្រុស​បរទេសទាំង​ពីរ​រូប​នោះមានម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៤ឆ្នាំ បានយកកាំភ្លៀងផ្ទុកគ្រាប់ជ័រ បាញ់ទៅលើព្រះមហាក្សត្រថៃ នា​វេ​លា​ម៉ោងប្រមាណជា​១០៖៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនានេះ។ ម៉្យាងវិញទៀត ហេតុការណ៍នោះបានកើតឡើងគាប់ជួនជាមួយទិវានៃការជិះកង់​អាក្រាតកាយអន្តរជាតិថែមទៀត ក៏ប៉ុន្តែពុំមាននរណា បានដឹងច្បាស់ឡើយថា តើព្រះអង្គ វិច្ឆិរ៉ាឡុងកន បានស្ថិតក្នុងសម្លៀកបំពាក់បែបណា​នៅ​ពេលកើតហេតុនោះ។

ដោយឡែកសារព័ត៌មានអាល្លឺម៉ង់មួយផ្សេងទៀតឈ្មោះ Der Spiegel បានឲ្យដឹងថា ក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់ បានជឿថា​គ្រាប់កាំភ្លើងជ័រទាំង​នោះ​ ពុំបានបាញ់ចំត្រូវព្រះកាយរបស់​ព្រះមហាក្សត្រ​ថៃឡើយ ហើយបន្ទាប់ពីកងអង្គរក្សរបស់ទ្រង់ បានផ្តល់ដំណឹងទៅកាន់​អា​ជ្ញា​ធរ​ ភ្លាម​ប៉ូលិសក៏បានរកឃើញ ក្មេងប្រុសវ័យជំទង់ទាំងពីររូបនោះ កំពុងពួនសម្ងំនៅក្នុងគុម្ពព្រៃ ក្បែរកន្លែងកើតហេតុ។ ​​យ៉ាងណាមិញយោងតាម​សារ​ព័ត៌មាន Bild Zeitung អ្នកនាំពាក្យ របស់នាយកដ្ឋានប៉ូលិសក្នុងតំបន់ ដែលទទួលបន្ទុកស៊ើបអង្កេតលើករណីនេះ បានឲ្យដឹងថា ពួកគេបានរក​ឃើញគ្រាប់ជ័រមួយចំនួននិងបានបញ្ជាក់ថា ពួកវាត្រូវបានបាញ់ចេញពីកាំភ្លើងខ្យល់សម្រាប់ក្មេងលេងមួយ។

ជាមួយគ្នានោះ អ្នកនាំពាក្យ​ការិយាល័យរដ្ឋអាជ្ញានៅក្រុង Landshut លោក Thomas Rauscher បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press (AP) ថា «ខណៈ​ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានសម្រេចព្រះទ័យមិនដាក់ពាក្យបណ្តឹងអ្វីទាំងអស់នោះ សំណុំ​រឿង​នេះ​នៅ​តែ​ត្រូវ​បាន​បញ្ចូន​ទៅកាន់ការិយា​ល័យរដ្ឋអាជ្ញានៃក្រុង Landshut ដដែល ជាទីដែលក្មេងប្រុសវ័យ១៤ឆ្នាំ អាចប្រឈមនឹងការចោទប្រកាន់ពីបទ​ប៉ុន​ប៉ងបង្ក​របួស​ស្នាមលើអ្នកដទៃ រីឯម្នាក់​ទៀតដែលមានអាយុ១៣ឆ្នាំ គឺស្ថិតនៅក្នុងវ័យក្មេងខ្ចីពេក មិនទាន់អាចត្រូវ​ចោទ​ប្រកាន់​ទោស​បាន​ឡើយ​»។ ម៉្យាងវិញទៀតគោលបំណងនៅពីក្រោយសកម្មភាព របស់ក្មេងប្រុសបង្កទាំងពីរ រួមនិងសំណួរថា តើពួកគេទាំងពីរ បាន​ដឹង​ពី​អត្ត​សញ្ញាណ​​របស់​ព្រះអង្គ មហា វិច្ឆិរ៉ាឡុងកន ដែរឬយ៉ាងណានោះ នៅមិនទាន់ត្រូវ បានបកស្រាយនៅឡើយទេ។

សូមជំរាបដែរថា អ្នកតំណាងរបស់ព្រះរាជាថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលតែងតែបានចំណាយពេលវេលាជាច្រើនរបស់​ទ្រង់​ នៅ​ក្នុង​ទីក្រុង​ Munich នៃប្រទេសអាល្លឺម៉ង់ រហូតដល់ថ្នាក់បានធ្វើឲ្យអ្នករិះគន់ខ្លះនិយាយឌឺដងថា វាគឺជារាជធានីថ្មីរបស់ប្រទេសថៃនោះ មិនទាន់​បាន​ចេញមុខផ្តល់ការអត្ថាធិប្បាយ ណាមួយជុំវិញហេតុការណ៍ ឬសេចក្តីរាយការណ៍ព័ត៌មាននេះនៅឡើយទេ៕