(សេអ៊ូល)៖ សារព័ត៌មានមួយ​ ដែលមានទំនោរគាំទ្រ​កូរ៉េខាងជើង​នៅក្នុងប្រទេសជប៉ុន នាថ្ងៃពុធនេះ បានធ្វើសេចក្តីរាយការណ៍​​ថ្កោល​ទោស ​ប្រ​ធា​នា​ធិប​តី​កូរ៉េ​ខាងត្បូង​ លោក មូន ជែអ៊ីន ដោយសារតែ​រូបលោក បានលើកឡើងថា ទីក្រុងសេអ៊ូល​ស្វាគមន៍ជានិច្ច ក្នុងការបើកកិច្ច​ចរចាដោយគ្មានលក្ខខណ្ឌ​ជាមួយប្រទេស​កូរ៉េខាងជើង ប្រសិនបើសិនជាទីក្រុងព្យុងយ៉ាង សុខចិត្តបញ្ឈប់សកម្មភាព​បង្កហេតុរបស់​ខ្លួនតទៅទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀល​ថ្ងៃពុធ ទី២១​ ខែមិថុនា ឆ្នាំ២០១៧។

កាសែតមាន​ឈ្មោះថា The Chosun Sinbo បានហៅលោក មូន ថាជាអ្នកនាំ​ពាក្យម្នាក់​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​បាន​អះអាងថា ប្រទេស​កូរ៉េខាងត្បូង បានចូលរួម​ក្នុងគោលនយោបាយ​ឈ្លានពាន​​របស់ទីក្រុងវ៉ាស៊ីនតោន បាន​និងកំពុងប្រើប្រាស់ទៅលើ​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង។ សារព័ត៌មានដដែល​បានបន្ថែមថា បញ្ហាស្តីពីអាវុធ​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង គឺជាប្រធានបទដែលត្រូវពិភាក្សា​ ​រវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយកូរ៉េខាងត្បូង​គ្មានសិទ្ធិជជែក​ពាក់ព័ន្ធ​ ជុំវិញរឿងនេះឡើយ។

សារព័ត៌មានខាង​លើបានបន្តថា «លោក មូន មិនគួរស្ទាក់ស្ទើរក្នុងបដិសេធ ចំពោះចំណាត់ការ​របស់អាមេរិក ក្នុងការទប់ស្កាត់ និងកៀបសង្កត់​ទៅលើ​កូរ៉េខាងជើង តាមរយៈការដាក់​សម្ពាធ និងទណ្ឌកម្មនានា​នោះឡើយ» និងបានក្រើន​រំលឹកទៀតថា លោកប្រធានាធិបតី​កូរ៉េខាងត្បូង​ ​គួរតែត្រៀមខ្លួន​ទទូចឲ្យ លោក ដូណាល់ ត្រាំ បញ្ចប់សកម្មភាព​បង្កហេតុ​ប្រឆាំងនឹងកូរ៉េខាងជើង នៅក្នុងអំឡុង​កិច្ចប្រជុំទល់មុខគ្នា​រវាងមេដឹក​នាំ​​ទាំងពីរ ដែលគ្រោងនឹង​ធ្វើឡើងនា​ចុងសប្តាហ៍​ក្រោយនេះវិញទៅ។

គួរបញ្ជាក់ថា The Chosun Sinbo ពុំមែនជា​ប្រព័ន្ធផ្សព្វផ្សាយរបស់​រដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាងនោះទេ ក៏ប៉ុន្តែស្ថាប័ននេះ​បានដើរតួជា​សារព័ត៌មានមិនផ្លូវការមួយ​ឲ្យព្យុងយ៉ាង ខណៈទីភ្នាក់ងាររដ្ឋរបស់កូរ៉េខាងជើង​ដូចជា Rodong Sinmun និងជាពិសេស​នោះគឺ KCNA មិនទាន់បាន​បង្ហាញប្រតិកម្ម​ណាមួយនៅឡើយទេ ចំពោះការថ្លែង​សុន្ទរកថារបស់ លោក មូន នាសប្តាហ៍មុន ពាក់ព័ន្ធ​នឹងការចរចាគ្នា​ជាមួយ​កូរ៉េ​ខាង​ជើង ដែល​​បាន​ធ្វើ​ឡើងនៅក្នុងឱកាស​គម្រប់ខួប១៧ឆ្នាំ នៃកិច្ចប្រជុំ​អន្តរកូរ៉េ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០០៕