(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី​បានប្រកាសថា​ កងឆ័ត្រយោងមកពីបណ្តា​អង្គភាពជាច្រើនទូទាំង​ប្រទេស នឹងចូលរួមក្នុងការ​ធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយ​ធំមួយ នាខែកក្កដា​ខាងមុខនេះ ដែលនឹងក្លាយ​ជាព្រឹត្តិការណ៍ដ៏ធំ​ទីពីរប្រចាំឆ្នាំ​២០១៧នេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងខាងលើបាន​ឲ្យដឹងនៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា «នៅដើមខែកក្កដា​ខាងមុខនេះ សមយុទ្ធយោធា​ទ្រង់ទ្រាយធំមួយ ដែលនឹង​មាន​ការចូលរួមពីសំណាក់​កងទ័ពឆ័ត្រយោង មកពីបណ្តាអង្គភាព​ជាច្រើន ក្នុងពេលព្រមៗ​គ្នានោះ នឹងប្រព្រឹត្តទៅ​នៅលើទីធ្លាហ្វឹកហ្វឺន​មួយ​ របស់​បញ្ជាការយោធាភាគលិច​នៃប្រទេសរុស្ស៊ី ហើយបើគិតពី​ទំហំវិញ សមយុទ្ធនេះ​នឹងមានទ្រង់ទ្រាយធំ​លេខពីរ​ ប្រចាំឆ្នាំ២០១៧នេះ»

គួរបញ្ជាក់ថា ការប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់រុស្ស៊ីពេលនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន អំពីអង្គការណាតូ​ដែលមានសហរដ្ឋអាមេរិក​ជាបងធំ បានដឹកនាំការធ្វើសមយុទ្ធ​យោធា​ប្រចាំឆ្នាំ «Iron Wolf 2017» ឬ ចចកដែកឆ្នាំ២០១៧ នៅក្នុងប្រទេសលីទុយអានី នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ស្របពេល​ទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប កំពុងព្រួយបារម្ភខ្លាចក្រែងរុស្ស៊ី​ ចូលឈ្លានពាន​បណ្ដាប្រទេស​ក្នុងឈូងសមុទ្រ​បាល់ទិច។

សមយុទ្ធយោធា​ទ្រង់ទ្រាយធំ ដែលមានការចូលរួមពីកងទ័ពចំនួន ៥,៣០០នាក់ ​មកពី​១០ប្រទេសជាសមាជិក​អង្គការណាតូ​ដូចជា អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប៊ែលហ្សិក ជាដើម​បានចាប់ផ្ដើម​ធ្វើឡើងនៅ​តំបន់ភាគខាងត្បូង និងភាគខាងកើត​ប្រទេសលីទុយអានី តាំងតែពី​ថ្ងៃទី១២ ខែមិថុនា ហើយគ្រោង​នឹងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ដោយផ្តោត​សំខាន់លើប្រតិបត្តិការ​ការពារ និងវាយលុក​លើ​សត្រូវ។

ទន្ទឹមគ្នានោះដែរ ឆ្លើយតបទៅ​នឹងក្ដីព្រួយបារម្ភរបស់​ទីក្រុងវ៉ាស៊ីនតោន ទីក្រុងម៉ូស្គូបានអះអាងថា ខ្លួនគ្មាន​បំណងចង់​ឈ្លានពានប្រទេស​ ក្នុងឈូងសមុទ្របាល់ទិចដូចជា លីតតូនី អេស្ដូនី ឬក៏ លីទុយអានី​ នោះទេ ហើយក៏មិន​បានធ្វើសកម្មភាព​អ្វី គម្រាមកំហែង​ដល់សន្តិសុខ​ប្រទេសជិតខាង​ទំាងនេះដែរ តែផ្ទុយទៅវិញ​គឺអង្គការ​ណាតូទៅវិញទេ ដែលតែងតែ​បង្កឱ្យស្ថានភាព​បច្ចុប្បន្ន កាន់តែ​តានតឹង​ឡើង តាមរយៈការ​ធ្វើសមយុទ្ធយោធា​នៅជិតរបងផ្ទះរុស្ស៊ី។

គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងអង្គការណាតូ និងរុស្ស៊ី​ចាប់ផ្ដើមធ្លាក់ចុះ​ដុនដាប​ខ្លាំង បន្ទាប់ពី​ទីក្រុងម៉ូស្គូ បានក្រសោប​គ្រប់គ្រង​តំបន់គ្រីមៀ​ពីអ៊ុយក្រែន ដែលសកម្មភាព​នេះឯងធ្វើ​ឱ្យអឺរ៉ុប និង​សហរដ្ឋអាមេរិក យល់ថា រុស្ស៊ីកំពុង​មានចេតនា​ពង្រីកទ្ធិពល និងឈ្លានពាន​ប្រទេសជិតខាង។ ដូច្នេះហើយ​ទើបអង្គការណាតូ តែងតែដឹកនាំ​ការធ្វើសមយុទ្ធយោធា​ស្ទើរជារៀង​រាល់ឆ្នាំ ដើម្បីកំញើញរុស្ស៊ី និងពង្រឹង​សមត្ថភាពយោធា ​របស់បណ្ដា​ប្រទេសអឺរ៉ុប​ខាងកើត ដែលមានព្រំដែន​ជាប់រុស្ស៊ី៕  ​