(វ៉ាស៊ីនតោន)៖​ នាយកប្រតិបត្តិ (CEO)​ ក្រុមហ៊ុន Uber (បច្ចេកវិទ្យា និងដឹកជញ្ជូន) លោក Travis Kalanick បានសុំលាលែងពីមុខតំណែង​របស់ខ្លួនហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុង​សហរដ្ឋអាមេរិក) បន្ទាប់ពីបានចំណាយ​ពេលរួមរស់ ​ជាមួយក្រុមហ៊ុន​បច្ចេកវិទ្យា​ដឹកជញ្ជូនដ៏ធំមួយនេះ របស់សហរដ្ឋអាមេរិក ដែលលោកផ្ទាល់​បានចូលរួមបង្កើត​ ចាប់តាំង​ឆ្នាំ២០០៩មក។ នេះបើតាម​ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន ដកស្រង់ដោយ​សារព័ត៌មាន BBC​ នៅរសៀលថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពដដែល​ថ្លែងនៅក្នុងលក្ខខណ្ឌ មិនបញ្ចេញអត្តសញ្ញាណ​បានបញ្ជាក់ថា លោក Travis Kalanick មានអាយុ​៤០ឆ្នាំ បានសម្រេចចិត្ត​លាលែងពីតំណែង ដោយសារតែ​ទទួលរងសម្ពាធ​ពីម្ចាស់ភាគធំៗ​ទាំង០៥ របស់ក្រុមហ៊ុន Uber ដែលបានទាមទារ​ឱ្យលោក​ លាលែងចេញពីតំណែងភ្លាមៗ នៅក្នុងលិខិត​មួយផ្ញើជូន​នាយកប្រតិបត្តិរូបនេះ នៅអំឡុងពេល​ស្ថិតនៅ​ក្នុងទីក្រុង Chicago នៃរដ្ឋអ៊ីលីណយស៍។

គួរបញ្ជាក់ថា ការសម្រេចចិត្ត​លាលែងពី​តំណែងរបស់ លោក Travis Kalanick ធ្វើឡើងក្រោយ​មានការត្រួតពិនិត្យ​ លើការអនុវត្តន៍ជាច្រើន​នៅក្នុងក្រុមហ៊ុន រួមទាំងរឿងអាស្រូវពាក់ ព័ន្ធនឹងពាក្យបណ្ដឹង​រំលោភបំពានផ្លូវភេទជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ​ខាងក្រុមហ៊ុន Uber មិនទាន់ធ្វើការអត្ថាធិប្បាយ​អ្វីឡើយ ដោយសំអាង​ថា មិនទាន់ដល់ម៉ោងចូលធ្វើការ ហើយម្យ៉ាងវិញទៀត បើតាមប្រភពខាងលើ​ថ្លែងប្រាប់​កាសែត New York Times ថា លោក Travis Kalanick នឹងនៅតែមានតួនាទី​ នៅក្នុងក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន Uber ដដែល៕