(ម៉ានីល)៖ ក្រុមឧទ្ទាម​ភាគខាងត្បូង ដែលរដ្ឋាភិបាលហ្វីលីពីន​ហៅថា ជាពួកភេរវករបណ្តាញ​របស់ ISIS នៅភាគ​ខាងត្បូង​ប្រទេសហ្វីលីពីន​នោះ បានធ្វើការលុកលុយ​សាលារៀនមួយកន្លែង​នៅលើកោះមីនដាណាវ នៅព្រឹក​ថ្ងៃពុធនេះ​តែម្តង និងបានចាប់សិស្សជាច្រើននាក់​ធ្វើជាចំណាប់ខ្មាំង​ថែមទៀតផង។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះ​បន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នាព្រឹក​ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។

កងកម្លាំងសន្តិសុខ​ហ្វីលីពីនបានអះអាងថា ប្រតិបត្តិការវាយ​លុកសាលារៀន និងចាប់កូនសិស្ស​ធ្វើជាចំណាប់ខ្មាំង​ពេលនេះក៏ត្រូវបាន​ចូលរួមដោយក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាម BIFF ផងដែរ។ សាលារៀន​ខាងលើនេះ ស្ថិតនៅក្នុង​ទីក្រុង Pigcawayan នៃខេត្ត North Cotabato ភាគកណ្តាលកោះមីនដាណាវ ជាតំបន់ដែលកងទ័ព​រដ្ឋាភិបាល និងក្រុមឧទ្ទាម​ភាគ​ខាងត្បូង ធ្វើការប្រយុទ្ធគ្នាយ៉ាង​ក្តៅគគុក ឈានចូលដល់​សប្តាហ៍ទី០៥ ទៅហើយនោះ។

គួរបញ្ជាក់ថា ទីក្រុង Pigcawayan មានចម្ងាយ ១៩០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Marawi ដែលសង្គ្រាម​កំពុងប្រព្រឹត្តទៅ។ សម្រាប់ក្រុម BIFF នេះដែរ ត្រូវបានគេស្គាល់ថា ជាសម្ព័ន្ធជាមួយនឹងក្រុមឧទ្ទាម Maute និង អាប៊ូ សាយយ៉ាហ្វ ដែលកំពុងតែមានទំនាក់ទំនងជាមួយក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ការសម្រុក​ចូលសាលារៀន និងចាប់សិស្សច្រើននាក់​ជាចំណាប់ខ្មាំងនេះដែរ ត្រូវបានធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសពី​ការគ្រោងទម្លាក់គ្រាប់បែក​បន្ថែមទៀត លើក្រុមភេរវករ​នៃកោះមីនដាណាវ។

រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងថា តើសិស្សានុសិស្ស​ប៉ុន្មាននាក់ ដែលត្រូវក្រុម​ឧទ្ទាមចាប់ជា​ចំណាប់ខ្មាំងនោះ​ឡើយ ខណៈយោធា​ហ្វីលីពីន​កំពុងតែរៀបចំចរចា ដើម្បីរំដោះក្មេងៗមិនដឹងអីទាំងនោះវិញ៕