(ព្រុចសែល)៖ ប៉ូលិសប៊ែលហ្សិក​បានបាញ់សម្លាប់​បុរសជាជន​សង្ស័យម្នាក់​ ដែលបម្រុង​អនុវត្តន៍ការវាយប្រហារ ដោយ​បំផ្ទុះគ្រាប់បែក​អត្តឃាតនៅឯស្ថានីយ៍​រថភ្លើង​ ក្នុងទីក្រុង​ព្រុចសែល ហើយហេតុការណ៍នេះ​កើតឡើងនៅចំ​ពេលក្រុម ISIS កំពុងដឹកនាំ​ការវាយប្រហារ​ភេរវកម្ម​ កាន់តែច្រើន​ឡើង​នៅអឺរ៉ុប។ នេះបើតាម​មន្ត្រីប៉ូលិស ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៧។​

ប៉ូលិសប៊ែលហ្សិក​បានឱ្យដឹងទៀតថា បុរសជាជន​សង្ស័យខាងលើនេះ ត្រូវ​បានបាញ់សម្លាប់ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា មានការផ្ទុះគ្រាប់បែក​មួយបានកើតឡើង​កាលពីល្ងាច​ថ្ងៃអង្គារ (ម៉ោងនៅក្នុង​ទីក្រុង​ព្រុចសែល) ហើយមនុស្ស​ជាច្រើននាក់ ក៏ត្រូវបានគេ​ជម្លៀសទៅកាន់​កន្លែងមានសុវត្ថិភាព តែពុំទាន់មាន​ការបញ្ជាក់ថា​ មនុស្សណាម្នាក់​បានរងរបួស​នៅ​ឡើយទេ។

ចំណែកឯ​ក្រុមរដ្ឋអាជ្ញា​ក៏បានអះអាងដែរថា បុរសមិនទាន់ស្គាល់​អត្តសញ្ញាណរូបនេះ​បានបាត់បង់ជីវិត ខណៈពួកគេ​បានចាត់ទុកថា ការវាយប្រហារ​នេះជាទង្វើ​ភេរវកម្ម។ ដោយឡែក​បើតាម​សារព័ត៌មាន La Libre Belgique បុរសសង្ស័យរូបនេះដដែល បានស្ពាយសាក់កាដូមួយនៅនឹងខ្នង និងខែ្សក្រវាត់គ្រាប់បែកទៀតផង​ ដោយរូបគេ​បានបំផ្ទុះគ្រាប់បែក​តូចមួយ ដើម្បីបង្វែង​ដានប៉ូលិសនៅឯស្ថានីយ៍រថភ្លើង​ក្នុងទីក្រុងព្រុចសែល តែប៉ូលិស​បានបាញ់សម្លាប់បុរស​រូបនេះ​ទាន់ពេលវេលា មុននឹងរូបគេ​ចុច​បំផ្ទុះគ្រាប់បែក​នៅជាប់នឹងខ្លួន។

គួររំលឹកថា កាលពី​ខែមីនា ឆ្នាំ២០១៦ មនុស្ស​ ៣២នាក់ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ នៅឯស្ថានីយ៍​រថភ្លើង​ទីក្រុង​ព្រុចសែល ដែល​ក្រុម ISIS អះអាងថា ខ្លួន​ជាអ្នកនៅពីក្រោយ​ការវាយប្រហារ​នេះ៕