(ម៉ូស្គូ)៖ ប្រទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ បានធ្វើការបាញ់មីស៊ីលផ្លោងទៅលើមូលដ្ឋានមួយចំនួនរបស់ក្រុមភេរវករ ISIS នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹកចំពោះករណីវាយប្រហារ ដោយភេរវកម្មដ៏ប្រល័យចំនួនពីរកន្លែងព្រមៗគ្នា នៅក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីដើមខែមិថុនានេះ​។ នេះបើតាមការឲ្យដឹងពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅប្រទេសរុស្ស៊ីលោក Mehdi Sanaei ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅ​យប់​ថ្ងៃ​អង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

លោកឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ីរ៉ង់ បានគូសបញ្ជាក់ថា ការវាយប្រហារនេះរបស់ទីក្រុងតេហេរ៉ង ប្រឆាំងទៅលើបន្ទាយពួកភេរវករ ក៏បាន​ផ្ញើ​សារចំនួនពីរទៅកាន់សហគមន៍អន្តរជាតិផងដែរ គឺបង្ហាញពីសមត្ថភាពការពារជាតិនិងកងទ័ពរបស់អ៊ីរ៉ង់ ក្នុងការការពារព្រំដែនរបស់ខ្លួន និងបង្ហាញថាអ៊ីរ៉ង់ហ៊ានប្រើប្រាស់កម្លាំងទាំងប៉ុន្មានដែលខ្លួនមាន សម្រាប់ធ្វើយ៉ាងដូច្នោះ។ ការបាញ់មីស៊ីលផ្លោងនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់​គឺជាលើកទីមួយហើយ នៅក្នុងរយៈពេល៣០ឆ្នាំ នៅក្រៅទឹកដីរបស់ខ្លួន។

សូមរំលឹកថា កាលពីថ្ងៃទី០៧ ខែមិថុនា ករណីភេរវកម្មជាប់ពាក់ព័ន្ធគ្នាចំនួនពីរ បានកើតឡើងនៅក្នុងអគារសភា និងផ្នូរបុព្វបុរសរបស់អ៊ីរ៉ង់​ នៅក្នុងទីក្រុងតេហេរ៉ង់។ ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីរ៉ង់ បានធ្វើសេចក្តីរាយការណ៍ថា មនុស្សយ៉ាងតិច១៧នាក់បាន​ស្លាប់ និងប្រហែល៥០នាក់ទៀតបានទទួលរងរបួសធ្ងន់ស្រាល។ ហើយក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេគឺជារៀបចំគម្រោង​វាយប្រហារទាំងពីរនេះ៕