(វ៉ាស៊ីនតោន)៖ បេក្ខភាពជានាយកនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែល​ត្រូវ​បាន​ជ្រើស​តាំង ​ដោយប្រ​ធា​នា​​ធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក Christopher Wray ធ្លាប់បានទទួលដោះស្រាយសំណុំរឿង ឲ្យនាយករបស់ក្រុមហ៊ុនថាមពលអាមេរិកមួយ កាល​ពី​ឆ្នាំ​២០០៦ ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្មដោយរដ្ឋាភិបាលរុស្ស៊ី ក៏ប៉ុន្តែព័ត៌មានលម្អិតនេះ នាពេល​ថ្មីៗ​នេះត្រូវបានលុបចេញពី​ប្រវត្តិរូប​របស់​លោក​វិញ​​។ នេះបើតាមការចេញផ្សាយដោយស្ថានីយទូរទស្សន៍ CNN នៅយប់ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

ព័ត៌មានជាប់ពាក់ព័ន្ធ នឹងរដ្ឋាភិបាលរុស្ស៊ីខាងលើនេះ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រវត្តិរូបរបស់លោក Christopher Wray នៅ​​លើ​វែប​​សាយរបស់ក្រុមហ៊ុនច្បាប់ King & Spalding ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះនោះ ត្រូវបានលុបចោលវិញនៅក្នុងឆ្នាំ២០១៧នេះ។ ឯក​សារ​ថត​ចម្លង​​មួយ​ច្បាប់​នៃ​ជីវប្រវត្តិរបស់លោក Wray ដែលទទួលបានពីក្រុមហ៊ុន King & Spalding កាលពីខែធ្នូ ឆ្នាំ២០១៦ បានគូសបញ្ជាក់ថាលោក Wray ធ្លាប់បានតំណាងឲ្យក្រុមហ៊ុនថាមពលមួយ ដែលបានស្ថិតក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់អាជ្ញាធររុស្ស៊ី តែមកដល់ខែមិថុនា ឆ្នាំ​២០១៧នេះ ព័ត៌មាននោះក៏ត្រូវបានដកចេញវិញ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន King & Spalding បានឲ្យដឹងថា លោក Christopher Wray គឺជាអ្នកផ្លាស់ប្តូរព័ត៌មាននេះ ដោយខ្លួនលោកផ្ទាល់​កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅមុនពេលដែលលោកបានធ្វើការពិចារណាថា តើរូបលោកប្រហែលជានឹងត្រូវជ្រើសរើស ឲ្យកាន់តួនាទី​ណា​មួយ នៅក្នុងរដ្ឋបាលអាមេរិកថ្មីដែរឬយ៉ាងណានោះ។ យ៉ាងណាមិញនៅពេលធ្វើការកែសម្រួលប្រវត្តិរូបនោះ លោក Wray ពុំទាន់​បាន​ស្ថិត​ក្រោម​ការ​ពិចារណាឬមួយក៏ការជ្រើសរើសឲ្យកាន់តំណែងណាមួយ នៅក្នុងជួររដ្ឋាភិបាលនោះឡើយ។

សូមជំរាបថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Twitter ថារូបលោកនឹងជ្រើសតាំង​លោក Christopher Wray ធ្វើ​ជា​នាយកថ្មី​របស់​ទីភ្នាក់​ងារ FBI បន្ទាប់​ពី​លោក James Comey អតីតមេ FBI ចាស់​ត្រូវ​បានលោក ត្រាំ បញ្ឈប់​ពីតំណែង។ ប៉ុន្តែលោក Wray ចាំបាច់ត្រូវតែទទួលបានការអនុម័តឯកភាពពីព្រឹទ្ធសភាអាមេរិក ហើយការងារទាំងឡាយដែលរូបលោកបាន​បំពេញពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីនោះ ទំនងជានឹងត្រូវជជីកសួរនៅក្នុងឱកាសនោះផងដែរ។ នៅមុនពេលដោះស្រាយសំណុំរឿងកាលពីឆ្នាំ​២០០៦នេះ លោក Wray ធ្លាប់បានបម្រើការងារជាប្រធាននៃអង្គភាពប្រឆាំងឧក្រិដ្ឋកម្ម នៃក្រសួងយុត្តិធម៌អាមេរិកចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ​២០០៥ នៅក្រោមរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិកលោក George W. Bush ថែមទៀតផង៕