(កង់បេរ៉ា)៖ កងកម្លាំងទ័ពអាកាស​អូស្រាលី បានប្រកាស​នៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចចិត្ត​ផ្អាកការវាយប្រហារ​តាមផ្លូវអាកាស​នៅស៊ីរី ហើយដែលការ​ប្រកាសនេះ​ធ្វើឡើង តែមួយថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពីទីក្រុង​ម៉ូស្គូចេញមុខ​ព្រមានថា រាល់យន្ដហោះ​ចម្បាំង​ក្រុមចំរុះ​អន្តរជាតិ នឹងក្លាយជា​គោលដៅ​នៃគ្រាប់មីស៊ីល និងប្រព័ន្ធការពារ​ដែនអាកាសរុស្ស៊ី ដោយ សារតែក្រុម​ចំរុះអន្តរជាតិ​មានអាមេរិក​ជាមេកើយ បានបាញ់ទម្លាក់​យន្ដហោះចម្បាំង​រដ្ឋាភិបាលស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​រុស្ស៊ី​កាលពីថ្ងៃចន្ទ​បានចាត់ទុកថា រាល់យន្ដហោះចម្បាំង​របស់ក្រុមចំរុះ​អន្តរជាតិ ដែលធ្វើប្រតិបត្តិការ​នៅភាគខាងលិច​ទន្លេ Euphrates នៅស៊ីរី​ នឹងក្លាយជា​គោលដៅ​នៃគ្រាប់មីស៊ីល ព្រមទំាងប្រព័ន្ធ​មីស៊ីល និងយន្ដហោះចម្បាំង​រុស្ស៊ី​​ចាប់ពីពេល​នេះតទៅ។ ជាងនេះ​ទៅទៀត ទីក្រុងម៉ូស្គូ ក៏បានប្រកាស​លុបចោលខែ្សទូរស័ព្ទទំនាក់ទំនង បង្ការ​គ្រោះថ្នាក់​ដែនអាកាសជា​មួយនឹងសហរដ្ឋអាមេរិក​ផងដែរ ក៏ប៉ុន្តែមិនបាន​បញ្ជាក់ឡើយថា ខ្លួននឹងបាញ់ទម្លាក់​យន្ដហោះ​ក្រុមចំរុះអន្តរជាតិ ឬក៏យ៉ាងណា​នោះទេ។

ដោយឡែក​ជុំវិញការបាញ់ទម្លាក់ ​យន្ដហោះចម្បាំង​ស៊ីរីនេះដែរ កងកម្លាំង​ទ័ពអាកាស​អូស្រ្ដាលី បានបញ្ជាក់​នៅក្នុងសេចក្ដីថ្លែងការណ៍​យ៉ាងខ្លីថា «​ជាវិធានការណ៍ប្រុងប្រយ័ត្ន កងកម្លាំងទ័ព​អាកាសអូស្រា្ដលី បានសម្រេចចិត្តផ្អាក​ប្រតិបត្តិការវាយប្រហារ​តាមផ្លូវអាកាស នៅស៊ីរី​​ជាបណ្ដោះ​អាសន្នសិន»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ​កងកម្លាំង​រដ្ឋាភិបាលស៊ីរី​បានប្រកាសថា ក្រុមចំរុះអន្តរជាតិ​ដឹកនាំដោយ​សហរដ្ឋអាមេរិក បានបាញ់ទម្លាក់​យន្ដហោះចម្បាំង​មួយគ្រឿង​របស់ខ្លួន ដែលកំពុង​ដឹកនាំ​ប្រតិបត្តិការ​កម្ទេចពួក ISIS នៅក្នុងខេត្ត Raqqa ហើយព្រមពេល​ជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោន​ក៏បានទទួលស្គាល់​ព័ត៌មាន​នេះដែរ ដោយអះអាងថា វាគឺជាការ​ឆ្លើយតបទៅ​នឹងការវាយប្រហារ​របស់យន្ដហោះចម្បំាង​រដ្ឋាភិបាលស៊ីរី ទៅលើកងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី មានសហរដ្ឋអាមេរិក​ជាខ្នងបង្អែក៕