(ប៉ារីស)៖ លោកស្រី Sylvie Goulard រដ្ឋមន្រ្តីការពារជាតិ​ ដែលទើបតែ​ត្រូវបានតែងតាំង​ថ្មីៗនោះ និងមកពី​គណបក្ស Modem ដែល​បាន​ផ្សា​ភ្ជាប់​សម្ព័ន្ធ​​ភាព​ ជាមួយគណបក្សប្រធានធិបតី​បារាំងរបស់ លោក Emmanuel Macron នោះ ​​បាន​​សម្រេច​លា​លែង​​តំណែង​វិញហើយ ស្រប​ពេល​​ដែល​ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ជុំវិញរឿង​អា​ស្រូវ​​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​ បក្ស​កណ្តាលនិយមដ៏តូចមួយរបស់លោកស្រី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Finicancial Time នៅ​រសៀល​​ថ្ងៃ​អង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

លោកស្រី Goulard ដែលធ្លាប់​ធ្វើជាសមាជិក​ នៃសភាសហភាព​អឺរ៉ុបនោះ​បានឲ្យដឹងថា លោកស្រីមិនអាច​បន្តស្ថិត​នៅក្នុង​រដ្ឋាភិបាលរបស់ ​​លោក Macron បានទៀត​នោះឡើយ ខណៈរូបលោក​ស្រីផ្ទាល់​ អាចនឹងត្រូវគេស៊ើប​អង្កេត ​ជុំវិញការប្រើប្រាស់​ថវិកា​ដោយមិន​ត្រឹម​ត្រូវ កាល​ពី​នៅ​បម្រើការ​ក្នុង​សភាអឺរ៉ុប។ លោកស្រី Goulard បានបន្ថែម​ថា វាពិតជា​លំបាកខ្លាំង​ណាស់ សម្រាប់ឲ្យ​លោកស្រី​នៅបន្តកាន់តំណែងនេះ​​ត​ទៅទៀត ដោយសារតែ​ លោក Macron មានគោលដៅ​ចម្បងក្នុងបោស​សម្អាត​នយោបាយ ឲ្យមានភាព​ស្អាតស្អំ។

គួរបញ្ជាក់ថា លោកស្រី Goulard ទើបតែឡើង​កាន់តំណែងជា ​រដ្ឋមន្រ្តីការពារជាតិ​បារាំង​បានមួយខែប៉ុណ្ណោះ បន្ទាប់ពីលោក Macron បាន​ទទួលជ័យជម្នះ​ក្នុងការបោះឆ្នោត​ជ្រើសរើស​ ប្រធានាធិបតីបារាំង​កាលពីដើមខែឧសភា​កន្លងទៅនេះ៕