(ដាកា)៖ មនុស្សយ៉ាងហោចណាស់ចំនួន ២២នាក់ បានបាត់បង់ជីវិត​ដោយសាររន្ទះបាញ់ នៅប្រទេសបង់ក្លាដែស ក្នុងអំឡុងពេល ៤៨ម៉ោង​ចុង​​ក្រោយនេះ។ នេះបើតាការឲ្យ​ដឹងពីអាជ្ញាធរ​ក្នុងតំបន់កើតហេតុ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧

អគ្គនាយកនៃ​នាយកដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ​បង់ក្លាដែស លោក Reaz Ahmed បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា ការ​ស្លាប់​នេះ​​បាន​កើត​មាន​ឡើង​ស្របពេល​ដែលព្យុះភ្លៀង​ដ៏ខ្លាំងក្លា បានវាយវាយ​ប្រហារទៅលើ​ប្រទេសអាស៊ី​ខាងត្បូងមួយនេះ កាលពីថ្ងៃអាទិត្យ និង​ថ្ងៃចន្ទកន្លង​ទៅនេះ។

គួរបញ្ជាក់ថា មនុស្សរាប់រយ​នាក់បានស្លាប់​ជារៀងរាល់ឆ្នាំ ដោយសារតែ​រន្ទះបាញ់​នៅទូទាំងប្រទេសបង់ក្លាដែស ហើយអ្នកជំនាញបានលើក​ឡើងថា កត្តា​បម្រែបម្រួល​អាកាស​បានចូលរួមចំណែក ធ្វើឲ្យបញ្ហានេះ​កាន់តែធ្ងន់ធ្ងរ​ឡើង ហើយពួកគេ​ក៏បានចោទ​ទៅលើកត្តា​បាត់បង់ព្រៃ​ឈើ ជាពិសេស​ដើមឈើខ្ពស់ៗ ដែលធ្លាប់តែត្រូវ​បានប្រើប្រាស់ជាប្រដាប់​ស្រូបរន្ទះ​ផងដែរ៕