(ឡូស​អាន់ជែឡេស)៖ ក្មេងៗជនជាតិ​អាមេរិកយ៉ាងហោច​ណាស់ជិត ១,៣០០នាក់ស្លាប់ និង ៦,០០០នាក់រងរបួស​ជាមធ្យមក្នុង​មួយឆ្នាំៗ ដោយសារតែ​អំពើហិង្សា និងការវាយប្រហារគ្នា​ដោយប្រើប្រាស់កាំភ្លើង។ នេះបើតាមការ​សិក្សា និងប្រមូលផ្តុំ​ទិន្នន័យចុងក្រោយ និងចុះផ្សាយ​ក្នុង Journal Pediatrics ដែលត្រូវបាន​​ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​​ចិន​ស៊ិនហួរ នារសៀល​ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

សម្រាប់ការសិក្សា​ខាងលើនេះ គឺក្មេងៗអាមេរិក​ដែលបានស្លាប់ដោយសារ​គ្រាប់កាំភ្លើង មានអាយុ​ចន្លោះពី ១ឆ្នាំ ទៅ១៧ឆ្នាំ ហើយបើតាម​ចំនួនជិត ១,៣០០នាក់ខាងលើនេះ​វាមានន័យថា ក្នុងមួយថ្ងៃៗក្មេងៗ​យ៉ាងហោច​ណាស់ ៣.៥នាក់​ត្រូវបានបាញ់សម្លាប់ និង ១៥.៨នាក់បាន​ទទួលរងរបួស និងទទួលការព្យាបាល​នៅមន្ទីរពេទ្យ។ សម្រាប់​ការតួលេខពី​ទីភ្នាក់ងារស្ថិតិ​ជាតិវិញ គឺក្មេងៗអាមេរិក​អាយុក្រោម ១៧ឆ្នាំ យ៉ាងហោច​ណាស់ ៤.២ភាគរយ​នៅទូទាំងប្រទេស​ធ្លាប់រងគ្រោះ ដោយសារការបាញ់​ប្រហារកាលពី​ឆ្នាំមុន (ឆ្នាំ២០១៦)។

គួរបញ្ជាក់ថា ក្នុងចំណោមក្មេងៗរងគ្រោះទាំងអស់ គឺ៨២ភាគរយជាក្មេងប្រុស ហើយក្មេងៗអាយុ ពី១៣ឆ្នាំ ទី១៧ឆ្នាំ​មានឱកាសខ្ពស់​ក្នុងការទទួលរងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង ខ្លាំងជាងក្មេងៗ​អាយុក្រោមនេះ​រហូតដល់ទៅ​ ១២ដង​ឯណោះ។ បន្ថែមពីនេះ​ការសិក្សា​បានសង្កត់ធ្ងន់ថា ក្មេងៗអាមេរិក​កាត់អាហ្វ្រិក ស្ថិតនៅក្នុង​ចំនួនខ្ពស់​ជាងគេ​នៃការ​ស្លាប់ និងទទួលរងគ្រោះ ដោយសារតែ​ការរើសអើងពូជសាសន៍​ជាដើម៕