(វ៉ាស៊ីនតោន)៖ ព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកចុះឈ្មោះបោះឆ្នោតជិត ២០០លាននាក់ នៅសហរដ្ឋអាមេរិក ត្រូវបានលេចធ្លាយ​នៅលើ​បណ្តាញ​​អ៊ីន​ធើណែត។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ិនហួរ នៅរសៀល​ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

ការបែកធ្លាយ​ទិន្នន័យក្នុងទំហំដ៏ធំ​មួយនេះ ត្រូវបានរកឃើញ​ដោយក្រុមហ៊ុន​សន្តិសុខ UpGuard ដែលបានអះ​អាងថា ទិន្នន័យទាំងនោះ​បាន​មក​​ពី​ក្រុមហ៊ុន​​វិភាគទិន្នន័យ​ចំនួនបីកន្លែង ដែលត្រូវបានជួល​ដោយគណបក្ស​សាធារណរដ្ឋ។ យោងតាម​ក្រុមហ៊ុន UpGuard ឈ្មោះ ថ្ងៃខែឆ្នាំ​កំណើត អាស័យដ្ឋាន និងព័ត៌មានលម្អិត​ផ្សេងទៀត របស់អ្នកចុះឈ្មោះបោះឆ្នោត​ប្រមាណ ១៩៨លាននាក់ ត្រូវបានលេចធ្លាយ​ជាសាធារណៈ​​ នៅលើប្រព័ន្ធអ៊ីនធើណែត។ ដោយឡែកចំនួន​សរុបនៃពលរដ្ឋអាមេរិក ដែលបានទៅចុះឈ្មោះ​បោះឆ្នោត មានត្រឹមតែជាង​ ២០០លាននាក់​​ប៉ុណ្ណោះ។

ទិន្នន័យទំហំ​១.១តេរ៉ាបៃ (Terabyte) ត្រូវបានរកឃើញ​ដោយក្រុមហ៊ុន UpGuard កាលពី​ថ្ងៃទី១២ ខែមិថុនានេះ ដោយពុំមានលេខ​សម្ងាត់​ការ​ពារ​អ្វីទាំងអស់ នៅលើបណ្តាញ​អ៊ីនធើណែត ប៉ុន្តែក៏ត្រូវបាន​ធានាសុវត្ថិភាពវិញ​នៅពីថ្ងៃក្រោយមក ខណៈ​ក្រុមហ៊ុន Deep Root ជាក្រុម​ហ៊ុនមួយ ក្នុងចំណោម​ក្រុមហ៊ុនវិភាគ​ទិន្នន័យទាំងបី​ខាងលើ​បានបញ្ជាក់ថា ទិន្នន័យទាំងនោះ​បានលេចធ្លាយ​កាលពីថ្ងៃទី០១ ខែមិថុនា ​បន្ទាប់ពីការអាប់ដេត​ប្រព័ន្ធសុវត្ថិភាព។

គួរបញ្ជាក់ថា ទិន្នន័យលម្អិត​នៃអ្នកចុះឈ្មោះ​បោះឆ្នោត ដែលលេចធ្លាយ​ទាំងអស់នេះ បានស្តែងឲ្យ​ឃើញពីទំហំនៃ​ការខិតខំប្រឹងប្រែង​ ​របស់​អង្គភាពនយោបាយនានា​នៅអាមេរិក ក្នុងការវិភាគ​ក៏ដូចជាវាយតម្លៃ​ទៅលើអាប្បកិរិយា​របស់អ្នកបោះឆ្នោត ក្នុងគោលបំណង​កេងចំណេង​លើការព្យាករណ៍​លទ្ធផល ដែលត្រូវបានធ្វើ​ឡើងដោយផ្អែកលើ​មូលដ្ឋានគ្រឹះ​ នៃការវិភាគទាំងនោះ៕