(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក មូន​ ជេអ៊ីន បានផ្ញើសារចូលរួមរំលែកទុក្ខ​ដល់ក្រុមគ្រួសារនិស្សិត Otto Warmbier និងទទូច​ឱ្យទីក្រុងព្យុងយ៉ាង ដោះលែងជនជាតិ​កូរ៉េខាងត្បូង និងពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំ​នៅកូរ៉េខាងជើង ឱ្យមានសេរីភាព​ឡើងវិញ ខណៈគេកំពុង​ព្រួយបារម្ភខ្លាចក្រែង​អ្នកទំាងនេះ​ មានជោគវាសនា​ដូចនិស្សិត Warmbier។ នេះបើតាមសម្តីអ្នកនាំ​ពាក្យវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២០​ ខែមិថុនា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ​របស់ លោក មូន ជេអ៊ីន ធ្វើឡើងតែមួយថ្ងៃ​ប៉ុណ្ណោះក្រោយនិស្សិត​អាមេរិក Otto Warmbier មានអាយុ​២២ឆ្នាំ ដែលត្រូវបាន​កូរ៉េខាងជើង​ដោះលែងឱ្យមាន សេរីភាពក្នុងស្ថានភាព​ជាមនុស្សរុក្ខជាតិ បន្ទាប់ពីជាប់ឃុំ​អស់រយៈពេលជាង​១៧ខែ បានទទួលមរណៈភាព​នៅឯមន្ទីរពេទ្យ Cincinnati hospital រដ្ឋ Ohio ​កាលពី​ថ្ងៃចន្ទ (ម៉ោងនៅ ក្នុង​សហរដ្ឋអាមេរិក)។

ជាមួយគ្នា​នោះដែរ បើតាមអ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក ផាក សូយ៉ុន (Park Soo-hyun) លោក មូន ជេអ៊ីន បានទទូចឱ្យ​កូរ៉េខាងជើង ធ្វើការដោះលែងជនជាតិ​កូរ៉េខាងត្បូង និងពលរដ្ឋអាមេរិក ដែលកំពុងជាប់ឃុំ​នៅកូរ៉េខាងជើង ឱ្យមានសេរីភាពឡើងវិញ ក៏ប៉ុន្តែលោក​ក៏បានសម្ដែងការ​សោកស្ដាយផងដែរ ដែល​ទីក្រុងព្យុងយ៉ាង មិនបានគោរព​សិទ្ធិមនុស្ស​បើទោះជាខ្លួនអះអាងថា​ ការដោះលែង Otto Warmbier ធ្វើឡើងផ្អែក​លើគោលការណ៍​មនុស្សធម៌​ក៏ដោយ។

គួរបញ្ជាក់ថា បើតាមទីក្រុង​សេអ៊ូល ជនជាតិកូរ៉េខាងត្បូង​០៦នាក់ និងពលរដ្ឋអាមេរិក​កាត់កូរ៉េ ០៣នាក់ទៀត នៅតែបន្តជាប់ឃុំ​នៅកូរ៉េខាងជើង ហើយអ្នកទំាងនេះ​ក៏ដូចជានិស្សិត Otto Warmbierដែរ គឺត្រូវបានរដ្ឋ​អំណាច​កូរ៉េខាងជើង ចោទប្រកាន់ថា​ ធ្វើសកម្មភាពប្រឆាំង និងចង់ផ្ដួលរំលំ​រដ្ឋាភិបាល​លោក គីម ជុងអ៊ុន៕