(ម៉ានីល)៖ យន្ដហោះ​ចម្បាំង​ហ្វីលីពី​ន​បានទម្លាក់គ្រាប់បែក​យ៉ាងសន្ធាប់​ ទៅលើមូលដ្ឋាន​ពួកឧទ្ទាម​មានសម្ព័ន្ធភាព​ជាមួយពួក ISIS ខណៈកងទ័ព​ថ្មើរជើងកំពុង​ធ្វើប្រតិបត្តិការ​វាយលុក នៅក្នុងទីក្រុង Marawi នៅ​ថ្ងៃអង្គារនេះ ក្នុងគោលបំណង​ដណ្ដើមកាន់កាប់​ទីក្រុងមួយនេះ​ទាំងស្រុង​ ឱ្យបានមុនចុង​សប្ដាហ៍ ដែលជាថ្ងៃ​ជនមូស្លីម ត្រូវបញ្ចប់​កាតាព្វកិច្ច​តមអាហារ។ នេះបើតាមអ្នកនាំពាក្យយោធាហ្វីលីពីន ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​អ្នកនាំពាក្យ​យោធា​ហ្វីលីពីន លោក Restituto Padilla ការពន្លឿនប្រតិបត្តិការ​យោធា​នេះ ធ្វើឡើងដោយសារ​ខ្លាចក្រែងពួកឧទ្ទាម ពង្រឹងការវាយលុកឡើងវិញ​ បន្ទាប់ពីពួកគេបញ្ចប់​កាតព្វកិច្ចតម​អាហារនៅចុង​សប្ដាហ៍នេះ។ មកទល់ពេលនេះ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នានៅឯទីក្រុង Marawi ឈានចូលសប្ដាហ៍ទី០៥ បានកើនដល់ ជិត៣៥០នាក់។ លោក Restituto Padilla បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹង​ព្យាយាមវាយដណ្ដើម​គ្រប់គ្រង​ទីក្រុង Marawi​ ឱ្យបានមុនចុង​សប្ដាហ៍នេះ... ប៉ុន្តែ​យើងមិនអាច និយាយឱ្យច្បាស់​បានឡើយថា យើងអាចនឹង​បញ្ចប់ជម្លោះនេះ​ទាំងស្រុង នៅពេលណានោះទេ ពីព្រោះយើង​កំពុងប្រយុទ្ធពីច្រកមួយ​ទៅច្រកមួយ​ ដែលសម្បូរទៅដោយ​អន្ទាក់​គ្រោះថ្នាក់ ដល់កងទ័ព​របស់យើង»

គួរបញ្ជាក់ថា ការវាយប្រយុទ្ធគ្នា​រវាងយោធា​ហ្វីលីពីន និងពួកឧទ្ទាម​នៅភាគខាងត្បូង កើតមានឡើង​នៅចំពេលដែល​គេកំពុងព្រួយ​បារម្ភថា ពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់ មានបំណង ពង្រឹង​និងពង្រីកឥទ្ធិពល​របស់ខ្លួន​ នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍​ជាពិសេស​នៅតំបន់​ភាគខាងត្បូង​ប្រទេសហ្វីលីពីន​ តាមរយៈការបង្កើត​ខ្សែបណ្ដាញ​របស់ពួកគេ នៅតាមបណ្ដា​ប្រទេស​មួយចំនួនក្នុងតំបន់អាស៊ី​អាគ្នេយ៍ ដូចជា​ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងភាគខាងត្បូងប្រទេសថៃ៕