(កាប៊ុល)៖ កងកម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន​ចំនួន ០៨នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយឆ្មក់​មួយ ពីពួកជនប្រដាប់​អាវុធមួយក្រុម​ ទៅលើមូលដ្ឋានទ័ព​អាកាស​អាមេរិក ក្នុងស្រុក Bagram នៃខេត្ត Parwan ស្ថិតនៅចំងាយ​ប្រមាណ ៦០គីឡូម៉ែត្រ ពីភាគខាងជើង​រដ្ឋធានីកាប៊ុល។ នេះបើតាមប្រព័ន្ធ​ផ្សព្វ​ផ្សាយនៅក្នុងស្រុក ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។​

ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងតំបន់ ដោយផ្អែកលើការ​បញ្ជាក់ពីអភិបាល​ស្រុក Bagram បានរាយការណ៍ថា «ជនប្រដាប់អាវុធ​មិនស្គាល់អត្តសញ្ញាណ​មួយក្រុម បានបើកការវាយប្រហារ​មកលើមូលដ្ឋានទ័ព​អាកាសអាមេរិក Bagram កាលពីថ្ងៃចន្ទ បានសម្លាប់កងសន្តិសុខ​០៨នាក់ និង២០នាក់ផ្សេងទៀតរងរបួស»។ ភ្លាមៗបែបនេះ ពុំទាន់មានក្រុមណា​មួយចេញមុខ អះអាងទទួលខុសត្រូវនៅឡើយទេ ខណៈអាជ្ញាធរ​អាហ្វហ្គានីស្ថាន កំពុងដាក់ការ​សង្ស័យលើក្រុម​ឧទ្ទាមតាលីបង់។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថាន បានប្រឈមុខ​បញ្ហាអស្ថរភាព​អស់រយៈពេល រាប់ទសវត្សរ៍មកហើយ ស្របពេលបច្ចុប្បន្ន​កងកម្លំាង​អាហ្វហ្គានីស្ថាន ហាក់ដូចជាទន់ខ្សោយ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងពួក ISIS និងតាលីបង់ បន្ទាប់ពីកងកម្លាំង​បរទេសមួយភាគធំ​ បានដកចេញពី​ប្រទេសមួយនេះ ក៏ប៉ុន្តែជាសំណាងល្អ ដែលអាមេរិកកាលពីចុងសប្តាហ៍មុនបានប្រកាស នឹងបញ្ជូនទ័ព ៤,០០០នាក់មកកាន់ប្រទេសនេះ ដើម្បីបង្កើនប្រតិបត្តិការការពារសន្តិសុខ និងប្រយុទ្ធប្រឆាំងក្រុមភេរវករ៕