(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតអាវុធដ៏ធំ និងល្បីល្បាញរបស់សហរដ្ឋអាមេរិក Lockheed Martin ទទួលបានកិច្ចសន្យា​មានតម្លៃជាង ៦១លានដុល្លារ លើគំរោង​បច្ចេកទេសវិស្វកម្ម​សម្រាប់​ការអិភវឌ្ឍ​ប្រព័ន្ធស្ទាក់ចាប់​គ្រាប់មីស៊ីល AEGIS និងទីតាំងបាញ់​សាកល្បង។ នេះបើតាមរបាយការណ៍ពី​ក្រសួងការពារជាតិ​អាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​អាមេរិក នៅក្នុងសេចក្ដីប្រកាស​ព័ត៌មានមួយបាន​ឱ្យដឹងថា «ក្រុមហ៊ុន Lockheed Martin ទទួលបាន​កិច្ចសន្យា​ ៦១,២៧១,៨៣៧ ដុល្លារ ក្រោមក្របខណ្ឌ​នៃ​គំរោងបច្ចេកទេសវិស្វកម្ម ការគ្រប់គ្រងលើ​ការកំណត់រចនាសម្ព័ន្ធ ការផ្គត់ផ្គង់បរិក្ខា ការធានាគុណភាព និងការផ្ដល់​ព័ត៌មាន ព្រមទាំងកិច្ច​ខិតខំប្រឹងប្រែង​ដទៃៗទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍ AEGIS និងទីតាំងបាញ់សាកល្បង»

គួរបញ្ជាក់ថា បើតាមក្រសួង​ការពារជាតិ​អាមេរិក គំរោងខាង​លើនេះ​នឹងត្រូវអនុវត្តន៍សម្រាប់ ទីតាំងអភិវឌ្ឍន៍ប្រព័ន្ធ​វិស្វកម្មប្រយុទ្ធ, ទីតាំងបាញ់​សាកល្បង SPY-1A Test Facility និងមជ្ឈមណ្ឌល​ប្រព័ន្ធកុំព្យុទ័រ​នាវាចម្បាំង។ សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមអភិវឌ្ឍន៍យ៉ាងខ្លាំងនូវ​ប្រព័ន្ធបាញ់ និងស្ទាក់ចាប់មីស៊ីល ខណៈដែលប្រទេសកូរ៉េខាងជើង នៅតែបង្ហាញភាពគគ្លើន និងអភិវឌ្ឍន៍មីស៊ីល​ផ្លោងរបស់ខ្លួនកាន់តែខ្លាំងឡើងជាលំដាប់៕